(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃសុក្រនេះ បាននិយាយថា ការវាយប្រហារភេវកម្ម​នៅក្នុងទីក្រុងតេហេរ៉ង់​​របស់ក្រុម ISIS​ ដែលបានផ្ដាច់យកអាយុ​ជីវិតមនុស្ស ១៧នាក់ និងរបួស ៥២នាក់ មិនអាចបំផ្លាញអ៊ីរ៉ង់​បានឡើយ តែផ្ទុយទៅវិញ​វាមានតែបង្កើន​ការស្អប់ខ្ពើមចំពោះ​សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត​តែប៉ុណ្ណោះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​​ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

កាលពីថ្ងៃពុធ​កន្លងទៅ ក្រុម ISIS បានចេញមុខទទួលខុសត្រូវ​ លើការវាយប្រហារពីរលើក ដែលមិនធ្លាប់មាន​ពីមុនមកទៅលើ​សភាអ៊ីរ៉ង់ និងផ្នូររបស់ស្ថាបនិក​សាធារណរដ្ឋអ៊ីរ៉ង់លោក Ayatollah Khomeini នៅក្នុងរដ្ឋធានី​តេហេរ៉ង់។ ដោយឡែក​ថ្លែងនៅក្នុងសារ​ចូលរួមរំលែកទុក្ខ​ ដល់ជនរងគ្រោះ លោក Ali Khamenei បានលើកឡើងយ៉ាងដូច្នេះថា «ការវាយប្រហារនេះ មិនអាចបំផ្លាញប្រជាជាតិ​របស់យើង ឬក៏ការប្ដេជ្ញាចិត្ត​របស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹង​ពួកភេរវករបានឡើយ.... ក៏ប៉ុន្តែវាមានតែធ្វើ​ឱ្យការស្អប់ខ្ពើម សហរដ្ឋអាមេរិក និងអាយ៉ង​របស់ពួកគេនៅក្នុង​តំបន់ដូចជា​អារ៉ាប៊ីសាអូឌីត កើនឡើងកាន់​តែខ្លាំង»។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ីរ៉ង់​ភេរវករ ០៥នាក់ ក្នុងចំណោម​ពួកភេរវករ​ ដែលបានដឹកនាំការវាយប្រហារ​ក្នុងទីក្រុង​តេហេរ៉ង់ គឺជាពលរដ្ឋអ៊ីរ៉ង់ ត្រូវបាន​ជ្រើសរើស ដោយពួក ISIS ខណៈកងកម្លំាង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចោទត្រង់ៗ​តែម្ដងថា អារ៉ាប៊ីសាអូឌីត​ជាអ្នកនៅពីក្រោយ​ការវាយប្រហារនេះ តែទីក្រុងរីយ៉ាដក៏បានទាត់ចោល ការចោទប្រកាន់នេះ​ភ្លាមៗផងដែរ៕