(កាតា)៖​​ រដ្ឋមន្ត្រីការបរទេសកាតា ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន អាប់ឌុលរ៉ស់ម៉ាន អាល់​ ថានី (Mohammed bin Abdulrahman Al Thani) នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងម៉ូស្គូ​ប្រទេសរុស្ស៊ី នៅសប្ដាហ៍នេះ ដើម្បីជជែកពិភាក្សា​លើបញ្ហានៅក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគី​រវាងប្រទេសទំាងពីរ។ នេះបើតាមប្រភពពី​ក្រសួងការបរទេសរុស្ស៊ី ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងគាប់ជួន​ចំពេលកាតា កំពុងមានជម្លោះការទូត​ជាមួយ​ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន និងអេហ្ស៊ីប ដែលបានសម្រេចចិត្ត​កាត់ផ្ដាច់ចំណងការទូត​ជាមួយទីក្រុងដូហា ដោយចោទប្រកាន់ថា ទីក្រុងដូហា​បានបង្កអស្ថេរភាព​នៅក្នុងតំបន់ និងគំាទ្រក្រុមភេរវករ។ ដោយឡែក បើតាមក្រសួង​ការបរទេសរុស្ស៊ី ទំនាក់ទំនងទ្វេភាគី និងស្ថានភាពបច្ចុប្បន្ន​នៅមជ្ឈិមបូព៌ា នឹងក្លាយជា​របៀបវារៈសម្រាប់ជំនួប​នៅថ្ងៃសៅរ៍ ស្អែកនេះ ​រវាងព្រះអង្គម្ចាស់ អាល់ថានី និង សមភាគីរុស្ស៊ីរបស់លោក គឺលោក សឺជី ឡាវរ៉ូវ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងជំនួបនេះដែរ ព្រះអង្គម្ចាស់ អាល់ថានី ត្រូវបានគេរំពឹងថា នឹង​លើកយកសំណុំរឿងសង្រ្គាម​ការទូត នៅអារ៉ាប់មកពិភាក្សាជាមួយ លោក សឺជី ឡាវរ៉ូវ ក្នុងគោលបំណងឱ្យរុស្ស៊ីជួយ​បន្ធូរបន្ថយភាពតានតឹង។

គួររំលឹកថា កាលពីថ្ងៃចន្ទ​កន្លងទៅ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន, យ៉េមែន, ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសផ្ដាច់​ទំនាក់ទំនង​ការទូត បិទព្រំដែនគោក-​ទឹក និងអាកាស​ជាមួយកាតាដោយចោទថា ទីក្រុងដូហា​គាំទ្រក្រុមចលនា ​ដែលពួកគេហៅថា​ជាពួកភេរវករ​ដូចជា ក្រុម​ហាម៉ាស់ និង Muslim Brotherhood។ ប៉ុន្តែកាតាបាន​ច្រានចោលការ​ចោទប្រកាន់ទាំងនេះ​ និងអះអាងការសម្រេចចិត្តនេះគឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានជាដាច់ខាត៕