(ប៉េកាំង)៖ ក្រុមអ្នកជំនាញ​ខាងវិស័យការពារចិន នាពេលថ្មីៗនេះ​បានព្រមានថា ភ្នាក់ងារចារកម្ម​បរទេស អាចចូលលួចព័ត៌មានយោធា​សំខាន់ៗរបស់​ប្រទេសចិនបាន តាមរយៈការបង្កប់មេរោគព័ត៌មានវិទ្យា នៅក្នុងកម្មវិធី​ហ្គេមលើ​ទូរស័ព្ទដៃ បន្ទាប់ពីហ្គេមប្រភេទនេះ​កំពុង​មានប្រជាប្រិយភាព​យ៉ាងខ្លាំងសម្បើម នៅក្នុងចំណោម​ពលទាហានចិន។ នេះបើតាមការ​ចេញផ្សាយដោយ​ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​សារព័ត៌មានរបស់​យោធាចិន PLA Daily ហ្គេមលើទូរស័ព្ទចល័ត​មានភាពពេញនិយម​យ៉ាងខ្លាំង នៅក្នុងចំណោម​កងទ័ព​ភ្លាមៗ​​​​ចាប់តាំងពីពេលដែល​យោធាចិន បានសម្រេចដកបំរាម​ហាមឃាត់របស់ខ្លួន ទៅលើការប្រើប្រាស់​ប្រព័ន្ធទូរស័ព្ទចល័ត នៅតាមមូលដ្ឋាន​​ទ័ពចេញវិញ កាលពី​ខែកក្កដា ឆ្នាំ២០១៥។ ការស្ទាបស្ទង់​មតិមួយ ដែលត្រូវបានធ្វើឡើង​ទៅលើពលទាហាន​ចំនួន ២០០នាក់ ដោយ​ PLA ​កាលពី​ខែឧសភា​កន្លងទៅបានបង្ហាញថា ៩៥.៥នៃពលទាហាន ធ្លាប់បានលេងហ្គេមទូរស័ព្ទ​កាលពីមុនមក និង ៨៦ភាគរយគឺជាអ្នកលេងហ្គេម​ជាទូទៅតែម្តង។

ក្រុមអ្នកជំនាញ​មកពី សាកលវិទ្យាល័យ​ការពារជាតិ​របស់កងទ័ពចិនបានថ្លែងថា ក្នុងនាមជាសមាជិក​នៅក្នុងសង្គម កង​ទ័ព​គួរ​តែ​​អាច​ប្រើ​​ប្រាស់អ៊ីនធឺណែត និងលេងហ្គេមលើ​ទូរស័ព្ទដៃរបស់ពួកគេ បានដូចគេ​ដូចឯងដែរ ក៏ប៉ុន្តែពួកគេ​គួរតែបន្តរក្សាការប្រុងប្រយ័ត្ន​ជាប់ជានិច្ច​​ នៅរាល់ពេល​ដែលពួកគេលេងហ្គេម​ទាំងនោះ។ ក្រុមអ្នកជំនាញទាំងនោះបានលើកឡើងថា «ហ្គេមទូរស័ព្ទគួរតែត្រូវហាមឃាត់ នៅតាម​​តំបន់​យោធា​ពិសេសៗ និងក្នុងអំឡុងកិច្ចប្រជុំសំខាន់ៗ ដោយសារតែ​ភ្នាក់ងារចារកិច្ចបរទេស ប្រហែលជាអាចតាមដានសកម្ម របស់ពល​​ទាហាន​ទាំងឡាយណា ដែលចូលចិត្តលេងហ្គេមច្រើន ឬមួយក៏ចូលលួច​ព័ត៌មានយោធា​សំខាន់ៗ តាមរយៈការបង្កប់​មេរោគព័ត៌មាន​វិទ្យា​នៅក្នុងហ្គេមល្បីៗ​លើទូរស័ព្ទដៃ​»

យ៉ាងណាមិញ ក្រុមអ្នកជំនាញ​ដដែលបានបញ្ជាក់ថា យោធាចិន​គួរតែផ្តល់ការណែនាំ​ ប្រកបដោយហេតុផល​សមរម្យដល់កងទ័ព ក្នុង​ការ​លេង​​ហ្គេម​កម្សាន្ត​លើ​ទូរស័ព្ទដៃ​របស់ពួកគេ ជាជាងធ្វើហាមឃាត់​ទាំងស្រុងលើពួកវា៕