(មីយ៉ាន់ម៉ា)៖ យន្តហោះយោធាមីយ៉ាន់ម៉ា ដែលមានផ្ទុកមនុស្ស​ចំនួន១២២នាក់ ត្រូវបានគេរកឃើញ បន្ទាប់ពីធ្លាក់ក្នុង​សមុទ្រ Andaman ដែលមកទល់នឹងរសៀលថ្ងៃសុក្រនេះ សាកសពជនរងគ្រោះសរុប​ចំនួន ៣៩នាក់ហើយ ត្រូវបានស្រង់ចេញពីទឹកសមុទ្រ។ នេះបើយោងតាមសេចក្តីរាយការណ៍​របស់ ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ។ ខាងក្រោមនេះ​ជាព័ត៌មានលម្អិត ពាក់ព័ន្ធនឹងហេតុការណ៍​ធ្លាក់យន្តហោះខាងលើ៖

* ទីតាំងចេញដំណើរ គោលដៅ និងពេលវេលា៖

យន្តហោះយោធា​មីយ៉ាន់ម៉ានេះ បានធ្វើដំណើរចេញពី​ទីក្រុងជាប់ឆ្នេរសមុទ្រ Myeik នៅវេលាម៉ោង ១៣៖០៦នាទី (ម៉ោងក្នុងតំបន់) ដោយមានគោលដៅ​ឆ្ពោះទៅកាន់រដ្ឋធានី Yangon ជាទីក្រុងមាន​ប្រជាជនរស់នៅ​ច្រើនជាងគេ ប្រចំាប្រទេស​មីយ៉ាន់ម៉ា ។ នៅវេលាម៉ោង ១៣៖៣៥នាទី យន្តហោះបាន​ដាច់ការទាក់ទង ស្របពេលដែល​វាធ្វើដំណើរ​បានចម្ងាយ ៣៧គីឡូម៉ែត្រ ភាគខាង​លិចទីក្រុង Dawei។
យន្តហោះបាន​ហោះលើកម្ពស់ ៥,៥០០ម៉ែត្រពីនីវ៉ូទឹកសមុទ្ររួចក៏បាត់ការទាក់ទង។ នេះបើយោងតាមការលើក​ឡើង របស់មន្ត្រីមិនបញ្ជាក់អត្តសញ្ញាណ​ម្នាក់ ដែលបានបន្តថា មិនទទួលបាន​ទូរស័ព្ទសុំជំនួយពីយន្តហោះរងគ្រោះឡើយ មុននឹងហេតុការណ៍នេះ​បានកើតឡើង។

* ជនរងគ្រោះ៖

យន្តហោះនេះ​មានផ្ទុកមនុស្សសរុប ១២២នាក់ ក្នុងនោះ១០៨នាក់ជាអ្នកដំណើរ និង ១៤នាក់ជាបុគ្គលិក ព្រមទាំងមានផ្ទុកទំនិញទម្ងន់ ២,៤តោនផងដែរ។ ក្នុងចំណោមអ្នកដំណើរ​ទាំងនោះមានកុមារ ១៥នាក់, មនុស្សពេញវ័យ​ជាជនស៊ីវិលចំនួន ៥៨នាក់, កម្លាំងយោធា ៣៥នាក់ ដោយក្នុងនោះជា​មន្ត្រីយោធាជាន់​ខ្ពស់ ០៦នាក់ និងមន្ត្រីយោធាធម្មតា ២៩នាក់។ អ្នកបើកបរ​យន្តហោះ​មានឈ្មោះថា Nyein Chan ចំណែក​សហសេវិក គឺលោក Soe Thu Win និងលោក Maj Thant Zin Htay។ នេះបើយោង​​តាមការលើក​​ឡើង​របស់ លោកកាពីទែន Myat Min Oo ចំណែក​អ្នកបើកបរយន្តហោះ មានបទពិសោធន៍​បើកបរចំនួន ៣,០០០ម៉ោង។ បច្ចុប្បន្នមាន​សាកសពកុមារជិត ១០នាក់ ក្នុងចំណោមសាកសពត្រូវបានរកឃើញទាំង ២៩នាក់ ដោយនាវាទ័ព​ជើងទឹក និងស៊ីវិល។

* យន្តហោះដែលធ្លាក់៖

យន្តហោះខាងលើនេះ ជាប្រភេទយន្តហោះទ័ពអាកាសរបស់ប្រទេស​មីយ៉ាន់ម៉ា ដែលផលិតនៅប្រទេស ចិនមានឈ្មោះ​ថា Shaanxi Y-8F-200 និងមានលេខកូដគឺ ៥៨២០។ វាត្រូវបានទិញកាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅពីប្រទេសចិន ហើយបានហោះហើរ​បានក្នុងរយៈពេលសរុបចំនួន ៨០៦ម៉ោង។

* មូលហេតុនៃការធ្លាក់៖

យោងតាមសេចក្តី​ប្រកាសបាន​ឱ្យដឹងថា អាកាសធាតុមិនមាន​អ្វីគួរឲ្យបារម្ភ និងមិនមែន​ជាហេតុផល​ ដែលនាំឱ្យមានហេតុការណ៍​ធ្លាក់យន្តហោះ​នេះឡើយ។ លោក Kya Kya Htay បានលើក​ឡើងថា អាកាសធាតុមានលក្ខណៈល្អធម្មតា​គ្មានអ្វីគួរបារម្ភឡើយ នៅពេលដែល​យន្តហោះនេះ​ចេញដំណើរ។  រហូតមកទល់​ពេលនេះ មិនទាន់មាន​ប្រភពណាមួយអាច​បញ្ចាក់អំពីមូលហេតុ នាំឱ្យយន្តហោះធ្លាក់​បាននៅ​ឡើយទេ។

* ប្រតិបត្តិការស្រាវជ្រាវ៖

នាវារបស់ទ័ពជើងទឹក​​ល្បាតចំនួន​០៦គ្រឿង យន្តហោះ និងឧទ្ធម្ភាគចក្រ​ចំនួនបីគ្រឿង ព្រមទាំងនាវានេសាទ​នៅថ្ងៃព្រហស្បតិ៍នេះ បានចូលរួម​ក្នុងប្រតិបត្តិការស្រាវជ្រាវ​នេះ ហើយរហូតមក​ទល់ពេលនេះ ក្នុងប្រតិបត្តិការ​ស្រាវជ្រាវ​បានរកឃើញថា សាកសព និងអាវពោងសុវត្ថិភាព រួមជាមួយនឹង​កាបូបដាក់ឥវ៉ាន់មួយចំនួន ត្រូវបានគេរកឃើញនៅវេលាម៉ោង ៨៖១៨នាទី (ម៉ោងក្នុងតំបន់) ព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ ពីភាគខាងលិច​នៃរដ្ឋ Rakhine៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា