(អាមេរិក)៖ ក្រុមហ៊ុនផលិតយន្តហោះធំបំផុតនៅលើពិភពលោក Boeing បានប្រកាសនាពេលថ្មីៗនេះថា ខ្លួននឹងចាប់ផ្តើមការធ្វើតេស្តហោះហើរតំណាក់កាលដំបូង នូវយន្តហោះដឹកអ្នកដំណើរគ្មានអាកាសយានិកបញ្ជា នៅឆ្នាំ២០១៨​ខាងមុខ​នេះ បើទោះបីជាក្រុមហ៊ុន​ជាគូប្រជែង និងសាធារណៈមតិ​មួយចំនួន បានសម្តែងក្តីមន្ទិល​​នៅឡើយ​ ពីប្រព័ន្ធសុវត្ថិភាព​​របស់វា​ក៏ដោយ។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

លោក Mike Sinnett នាយករងនៃផ្នែកអភិវឌ្ឍន៍ផលិតផលរបស់ Boeing បានថ្លែងនៅក្នុងឱកាសដាក់​តាំងបង្ហាញផលិតផល ក្នុងទីក្រុងប៉ារីសប្រទេសបារាំងនាដើមខែនេះថា «ការផលិតបច្ចេកវិទ្យាគន្លឹះសំខាន់ៗ នៅពេលនេះ វាបានសម្រេចលទ្ធផលយ៉ាងច្បាស់លាស់ហើយ។ ការហោះហើរសាកល្បង នឹងត្រូវធ្វើឡើង​នៅឆ្នាំក្រោយនេះ ជាមួយឧបករណ៍អេឡិចត្រូនិក ដែលអាចបញ្ជាការហោះហើរ ដូចជាមានអាកាស​យានិកនៅលើយន្តហោះនោះផ្ទាល់តែម្តង»

គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ចំនួនអាកាយានិកបញ្ជាការនៅលើបន្ទប់បើកបររបស់​យន្តហោះ បានធ្លាក់ចុះពីចំនួនបីរូបមកនៅពីររូបវិញ ហើយសម្រាប់ប្រព័ន្ធ​កុំព្យូទ័រនឹងត្រូវប្រើប្រាស់ ដើម្បីបញ្ជាការចុះចត និងហោះឡើង ដោយមិនចាំបាច់​មានមនុស្សបញ្ជាដោយផ្ទាល់ទៀតឡើយ។ ទោះបីជាបែបនេះក្តី យោងតាមបណ្តាញសុវត្ថិភាព​អាកាសចរណ៍ស៊ីវិល Boeing នៅតែត្រូវការធ្វើឲ្យ​ផលិតផលរបស់ខ្លួន​ទទួលស្គាល់ពីអន្តរជាតិ ដោយសមស្របទៅតាម​កម្រិតស្តង់ដារដឹកជញ្ជូនផ្លូវអាកាស។

ទោះបីជាយ៉ាងណាក៏ដោយលោក Sinnett នៅតែបង្ហាញសុទិដ្ឋិនិយមខ្ពស់ដដែល ប៉ុន្តែក្រុមហ៊ុនអាមេរិក​មួយនេះ ក៏ត្រូវការផងដែរនូវការអភិវឌ្ឍបន្ថែមទៀត ដើម្បីសម្រេចគោលដៅនៃយន្តហោះគ្មានមនុស្សបញ្ជា​ផ្ទាល់។ សម្រាប់យន្តហោះជំនាន់ថ្មីនេះ ត្រូវតែអាចធ្វើការចុះចត​ក្នុងករណីជួបគ្រោះអាសន្នបាន បើមិនដូច្នោះទេ គោលដៅទាំងឡាយនឹង​មិនអាចសម្រេចបានឡើយ៕