(ឡុងដ៍)៖ ការិយាល័យបោះឆ្នោតទំាងអស់​បានបើកទ្វារហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីឱ្យប្រជាជន​អង់គ្លេស បោះឆ្នោតសភា​មុនអាណត្តិ ដែលត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រី​មកពីគណបក្ស​អភិរក្សនិយម លោកស្រី Theresa May។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន BBC​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម BBC ដដែល ការរិយាល័យបោះឆ្នោត​ច្រើនជាង ៤០,០០០កន្លែង នៅទូទាំងប្រទេស​បានបើកទ្វារ នៅម៉ោង ៧៖០០នាទីព្រឹក (ម៉ោងនៅក្នុង​ទីក្រុងឡុងដ៍) រីឯការរាប់សន្លឹកឆ្នោត​អាចនឹងត្រូវធ្វើឡើង​ ក្រោយការបោះឆ្នោត​បញ្ចប់​នៅម៉ោង ២២៖០០នាទីយប់ថ្ងៃដដែល។ ដោយឡែក បើគិតជាសរុប​អ្នកតំណាងរាស្ត្រ ៦៥០នាក់ នឹងត្រូវបាន​ជ្រើសរើស ដោយប្រជាជន​ដែលបានចុះឈ្មោះបោះ​ឆ្នោតជាង ៤៦.៩លាននាក់ ខណៈកាលពី​ឆ្នាំ២០១៥ ប្រជាជន ៤៦.៤លាននាក់ បានចុះឈ្មោះ​បោះឆ្នោត។

គួរបញ្ជាក់ថា ការបោះឆ្នោតសភា​នៅចក្រភពអង់គ្លេស ពិតជាមានសារៈសំខាន់​ណាស់សម្រាប់ឱ្យអង់គ្លេស ត្រូវរៀបចំខ្លួន​លែងលះឱ្យដាច់ស្រេច​ជាមួយសហភាពអឺរ៉ុប (Brexit) និងពង្រឹងសន្តិសុខ​បន្ទាប់ពីមាន​ការវាយប្រហារភេរវកម្ម​ ចំនួនបីលើកក្នុងរយៈបី​ខែមកនេះ៕