(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក មហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) នៅថ្ងៃព្រហស្បតិ៍នេះ​បានទាត់ចោលការចូលរួមរំលែកទុក្ខ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារភេរវកម្ម​ នៅទីក្រុងតេហេរ៉ង់ ដោយលោកផ្ទាល់​ចាត់ទុកថា សម្ដីចេញពីមាត់​លោក ត្រាំ គឺជាភាសាដ៏គួរឱ្យខ្ពើម។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់សារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

ប្រតិកម្មខ្លំាងៗ​របស់ លោក ហ្សារីហ្វ ធ្វើឡើងបន្ទាប់ពី​លោក ត្រាំ បានចូលរួមសម្ដែង​មរណៈទុក្ខ​ដល់សាច់ញាតិ និងជនរងគ្រោះ​នៃការវាយប្រហារ​ភេរវកម្ម​កាលពីថ្ងៃពុធ ប៉ុន្តែទន្ទឹមគ្នា​ប្រធានាធិបតីអាមេរិក​រូបនេះ បានប្រលយពាក្យ​ឌឺដងដាក់អ៊ីរ៉ង់​យ៉ាងដូច្នេះថា «រដ្ឋ (អ៊ីរ៉ង់) គាំទ្រពួក​ភេរវករ បានក្លាយជាជន​រងគ្រោះនៃអំពើ​ភេរវកម្ម ពីពួកបិសាចដែលខ្លួន​បានគាំទ្រ»។

យ៉ាងណាក៏ដោយ ឆ្លើយតបនឹង​ការលើកឡើងនេះ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក មហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ បានសរសេរនៅលើ Twitter ផ្ទាល់ខ្លួនថា «សេចក្ដីថ្លែងការណ៍សេតវិមាន គឺជាពាក្យសម្តីដ៏គួរឱ្យខ្ពើម (...) ហើយខណៈប្រជាជន​អ៊ីរ៉ង់ កំពុងប្រឈមមុខនឹង​ពួកភេរវករគាំទ្រ​ដោយអតិថិជន ( អារ៉ាប៊ីសាអូឌីត) របស់​សហរដ្ឋអាមេរិក ប្រជាជនអ៊ីរ៉ង់ មិនអាចទទួលយក​បានឡើយនូវការលើកឡើង និងការចូលរួមរំលែកទុក្ខបែបហ្នឹងរបស់សហរដ្ឋ​អាមេរិក»

គួរបញ្ជាក់ថា ក្រុម ISIS បានចេញមុខអះអាងថា ជាអ្នកស្ថិតនៅក្រោយខ្នងការវាយប្រហារទំាងពីរលើក ដែលមិនធ្លាប់មានពីមុនមក​ទៅលើអគាររដ្ឋសភាអ៊ីរ៉ង់ និងផ្នូររបស់ស្ថាបនិក​សាធារណ រដ្ឋអ៊ីរ៉ង់លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់ ដែលបានសម្លាប់​មនុស្ស ១៣នាក់ និងរបួស៤៣នាក់។ ក៏ប៉ុន្តែ​កងកម្លាំងឆ្មាំការពារជាតិ​អ៊ីរ៉ង់បែរជា​ចោទថា អារ៉ាប៊ីសាអូឌីត​ជាអ្នកនៅពីក្រោយ​ការវាយប្រហារភេរវកម្មនេះទៅវិញ ខណៈទីក្រុងរីយ៉ាដ បានទាត់ចោល​ការចោទប្រកាន់នេះ៕