(រ៉ង់ហ្គូន)៖ ក្រុមភ្នាក់ងារជួយសង្រ្គោះ​បានរកឃើញសាកសព​មនុស្សចំនួន ០៧នាក់ទៀតហើយ ក្នុងអំឡុងប្រតិបត្តិការ​ទ្រង់ទ្រាយដ៏ធំមួយ ដើម្បី​តាម​ស្វែងរកយន្តហោះ​យោធាមីយ៉ាន់ម៉ា ដែលបានបាត់ដំណឹងជាមួយមនុស្សចំនួន ១២២នាក់ រួមមានទាំង​ពលទាហាន ជនស៊ីវិល និងក្រុម​សហសេវិក ហើយវាបានធ្វើឲ្យចំនួនសាកសព ដែលត្រូវបានរកឃើញសរុបកើនដល់ ១០នាក់។ នេះបើតាមការ​ឲ្យដឹង​ពី​កងទ័ព​មីយ៉ាន់ម៉ា ដកស្រង់ដោយ​​​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

សាកសពមនុស្សទាំង ១០នាក់ខាងលើ ត្រូវបានគេរកឃើញនៅក្នុងតំបន់មួយ ចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីក្រុង Launglon ភាគខាង​ត្បូងនៃ​ប្រទេសមីយ៉ាន់ម៉ា ហើយនៅក្នុងចំណោមនោះ រួមមានមនុស្សពេញវ័យចំនួន០៦នាក់ និងកុមារ០៤នាក់ ខណៈចំនួនកុមារទាំង​​អស់​ដែល​មានវត្តមាន​នៅលើយន្តហោះ​រងគ្រោះមាន ១៥នាក់។ នៅមុននេះ​កង់របស់យន្តហោះ អាវពោងសុវត្ថិភាព រួមទាំងកាបូបដាក់​​សម្លៀកបំពាក់​មួយចំនួនទៀត ដែលគេជឿជាក់ថា មកពីយន្តហោះធុន Y-8-200F ដែលបានបាត់​ដំណឹងនោះ ក៏ត្រូវបានរកឃើញ​ផងដែរ​។

គួរបញ្ជាក់ថា ប្រតិបត្តិការសង្គ្រោះ និងរុករកមនុស្ស​បាត់ខ្លួននាពេលនេះ ដែលមានការ​ចូលរួម​ពីនាវា​យោធា ០៩គ្រឿង​, យន្ត​ហោះ​យោធា ០៥គ្រឿង និងឧទ្ធម្ភាគចក្រ ០២គ្រឿង ដែលសុទ្ធសឹង​តែ​ត្រូវបានបញ្ជូនមកពី​កងទ័ពអាកាស​មីយ៉ាន់ម៉ា កំពុងប្រព្រឹត្តទៅយ៉ាង​សកម្មដដែល។ ដោយឡែកមូលហេតុ​ដែលបណ្តាលឱ្យ​យន្តហោះធ្លាក់ នៅមិនទាន់​មានប្រភពណាមួយអាច​បញ្ជាក់បាននៅ​ឡើយទេ ប៉ុន្តែលោក Kyaw Kyaw Htey មន្ត្រីអាកាសចរណ៍ស៊ីវិល​មីយ៉ាន់ម៉ា​បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុ​មានលក្ខណៈល្អប្រសើរ​ជាធម្មតាទេ នៅពេលដែលយន្តហោះ​ចាប់ផ្តើមចេញដំណើរ ប៉ុន្តែយោធាបានបញ្ជាក់​​បន្ថែមចុងក្រោយនៅ​ថ្ងៃព្រហស្បតិ៍​នេះថា យន្តហោះខាងលើនេះ បានបាត់បង់ការទាក់ទងតែម្តង នៅពេលហោះឡើង​ដល់រយៈកម្ពស់ ៥.៤គីឡូម៉ែត្រ៕