(រ៉ង់ហ្គូន)៖ យន្តហោះយោធារបស់កងទ័ពជើង​អាកាសមីយ៉ាន់ម៉ា ដែលបានធ្លាក់នៅលើដែនសមុទ្រ Andaman Sea ​ចម្ងាយ​ប្រហែល​​ ៧០គីឡូម៉ែត្រភាគខាងលិចទីក្រុង Dawei ក្នុងអំឡុងពេលធ្វើ​ដំណើរពីទីក្រុង Myeik ទៅកាន់ទីក្រុង​រ៉ង់ហ្គូន នោះគឺជាយន្តហោះ​ដឹក​​ជញ្ជូន​ខ្នាត​មធ្យម ដែលត្រូវបាន​ផលិតឡើងដោយក្រុមហ៊ុន Shaanxi Aircraft Corporation នៃប្រទេសចិន ជាលើកដំបូង​កាលពី​ឆ្នាំ១៩៨០ ដោយ​ផ្អែក​ទៅ​លើ​​គំរូ​​យន្ត​ហោះ​ធុន Antonov An-12 របស់អតីត​សហភាព​សូវៀត។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា យន្តហោះធុន Shaanxi Y-8-200F នេះ អាចផ្ទុកមនុស្ស​បានច្រើនបំផុតចំនួន ២០០នាក់ ខណៈពេលកើតហេតុវាបានដឹកមនុស្ស ១២២នាក់ រួមមាននាយទាហាន កុមារ និងក្រុមសហសេវិក រួមជាមួយសម្ភារៈផ្សេងៗទៀតទម្ងន់ ២.៤តោន។ រដ្ឋាភិបាលមីយ៉ាន់ម៉ា​បាន​ទិញ​យន្ត​ហោះ​ ម៉ាស៊ីន​បួននេះ កាល​​ពី​​ខែ​មិនា ឆ្នាំ២០១៦ ហើយវាមានអាយុកាល​ហោះ​ហើរ តែរយៈពេល​ ៨០៩ម៉ោងប៉ុណ្ណោះ ឬស្មើនឹង ៣៤ថ្ងៃ៕