(បរទេស)៖ ម៉ាសរបស់ Stein 2051 B ដែលជាផ្កាយ White Dwarf (ផ្កាយដូចជា​ព្រះអាទិត្យ នៅពេលដែលវា​អស់ថាមពល) មួយ​ស្ថិត​នៅចម្ងាយ​ប្រមាណ ១៩ឆ្នាំពន្លឺពីផែនដីនោះ បានក្លាយជា​ប្រធានដ៏ចម្រូងចម្រាស​មួយ អស់រយៈពេលជាង​មួយសតវត្សរ៍​មកហើយ ក៏ប៉ុន្តែនាពេលថ្មីៗនេះ ក្រុមតារាវិទូ​នៅទីបំផុត​បានរកឃើញលទ្ធភាព​ធ្វើការ​វាស់​ស្ទង់ ​ក៏​ដូច​ជា​ថ្លឹង​ថ្លែង​​យ៉ាង​ត្រឹម​ត្រូវ​​ទៅលើម៉ាស​របស់វា ហើយបានបញ្ចប់​ការជជែកដេញ​ដោល ដែលមានអាយុកាល​ ១០០ឆ្នាំនេះ តាមរយៈការប្រើប្រាស់​ទឹ្រស្តីបាតុភូត​នៅទីអវកាស​មួយ ដែលត្រូវបាន​ទស្សន៍ទាយ​ជាលើកដំបូងបំផុត​ របស់អ្នកប្រាជ្ញដ៏ល្បីឈ្មោះ គឺលោក Albert Einstein។ នេះបើតាមការដកស្រង់​ការ​ផ្សាយចេញពី គេហទំព័រ Space.com នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

អ្នកវិទ្យាសាស្រ្តបាន​ឲ្យដឹងថា ផ្កាយនៅលើផ្ទៃមេឃ​យ៉ាងហោចណាស់ ៩៧ភាគរយ រួមទាំងព្រះអាទិត្យ នឹងក្លាយជា White Dwarfs ឬ​មួយក៏បាន​ក្លាយជា White Dwarf រួចទៅហើយ។ ម៉្យាងវិញទៀត​ដោយសារតែ​ពួកវា គឺជាហ្វូស៊ីលនៃផ្កាយគ្រប់​ជំនាន់នោះ White Dwarf គឺជាកូនសោ​ដ៏សំខាន់មួយ ដើម្បីសិក្សា​ទៅលើប្រវត្តិសាស្រ្ត និងការវិវឌ្ឍន៍​នៃបណ្តា​កាឡាក់ស៊ី​ ដូចជាកាឡាក់​ស៊ី Milky Way ជា​ដើម។

គួរបញ្ជាក់ថា ការ​ថ្លឹង​ថ្លែង​​កាល​ពី​លើក​មុន​ទៅលើម៉ាស​របស់ផ្កាយ Stein 2051 B បានបង្ហាញថា វា​ភាគ​ច្រើន​ត្រូវ​បាន​ផ្សំ​ឡើង​​ដោយ​ជាតិ​ដែក តែ​ការ​រកឃើញនេះ​មានបញ្ហាមួយចំនួន ដោយផ្អែក​ទៅលើទឹស្រ្តីស្តី​អំពីទម្រង់​របស់ White Dwarf និង​ការវិ​វឌ្ឍន៍​​របស់​ផ្កាយ​។ ក៏ប៉ុន្តែលទ្ធផលថ្មី បាន​បង្ហាញថា Stein 2051 B តាមពិតទៅ​គឺជាផ្កាយ White Dwarf ធម្មតាមួយប៉ុណ្ណោះ ហើយការថ្លឹងថ្លែង​របស់វា​ត្រូវតាមទឹ្រស្តី​ដែលអាចទទួល​យកបាន។ Stein 2051 B មានម៉ាស​ប្រហែល ០.៦៨ដង បើធៀបនឹងម៉ាស​របស់ព្រះអាទិត្យយើង ពោលគឺវា​​កកើតឡើងពីផ្កាយមួយ​ដែលមានម៉ាស ២.៣ដង ធំជាងម៉ាស​ព្រះអាទិត្យ ដែលបានផ្ទុះឡើង៕