(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​បានចេញមុខថ្កោលទោស​ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe)​ សម្រាប់ការ​ប្រកាន់អាកប្បកិរិយា​ ប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន នៅលើឆាក​អន្តរជាតិ ដោយសារតែ​ការកម្មវិធីមីស៊ីល​ផ្លោង និងអាវុធ​នុយក្លេអ៊ែរ ដែលទីក្រុងព្យុងយ៉ាង​ទុកតែការពារខ្លួនឯង​ប៉ុណ្ណោះ។ នេះបើតាម​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA ផ្អែកលើការ​ដកស្រង់សម្ដី​របស់អ្នកនាំពាក្យ​ម្នាក់ នៃគណៈកម្មាធិការជាតិ​សនិ្តភាព​កូរ៉េខាងជើង បាននិយាយយ៉ាងដូច្នេះថា « លោក អាបេ (នាយករដ្ឋមន្ត្រីជប៉ុន)  កំពុងធ្វើសកម្មភាព​បង្កាច់បង្ខូច​កូរ៉េខាងជើង ចំពោះការពង្រឹង​សមត្ថភាព​ការពារខ្លួនឯង ហើយរដ្ឋាភិបាល​ជប៉ុន គ្រាន់តែដើរតាម​បង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្ម​ប្រឆាំងនឹងទីក្រុង​ព្យុងយ៉ាង។ មួយវិញទៀត មិនថាលើឆាកអន្តរជាតិ​ ក៏ដូចជានៅក្នុងកិច្ចប្រជុំ G7 ជាដើម​ នាយរដ្ឋមន្ត្រីលោក អាបេ, អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ស៊ូហ្គា និងរដ្ឋមន្ត្រីការពាជាតិ លោកស្រី អ៊ីណាដា បានដើរនិយាយ​បំប៉ោងពី​ការគំរាមកំហែង នៃអាវុធនុយក្លែអ៊ែរ​របស់​កូរ៉េខាងជើង​»

គួរបញ្ជាក់ថា កូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍នេះ​ ជាថ្មីម្ដងទៀតបានបាញ់សាកល្បង​មីស៊ីលប្រឆាំង​នាវាជាច្រើនគ្រាប់ ចេញពីតំបន់​ឆ្នេរខាងកើត​របស់ខ្លួន ដោយវាអាច រត់បានចំងាយ​ប្រមាណជាង ២០០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុង​សមុទ្រជប៉ុន ហើយនេះគឺជា​លើកទី ០៥ហើយ ដែលកូរ៉េខាងជើងបាញ់​សាកល្បងមីស៊ីល គិតចាប់តាំងពី​ប្រធានាធិបតីកូរ៉េខាងត្បូង​ថ្មី លោក មូន ជេអ៊ីន ឡើងកាន់​តំណែងមក ស្របពេលដែលអាមេរិក ធ្វើការចល័តនាវាមុជទឹក និងនាវាដឹកយន្តហោះចម្បាំង ចូលមកក្នុងតំបន់ឧបទ្វីបកូរ៉េ៕