(ញូដេលី)៖ ចំនួនមនុស្សស្លាប់ដែលបង្កឡើងដោយការផ្ទុះរោងចក្រផលិតកាំជ្រួចមួយ ស្ថិតនៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា​មានចំនួន ២៥នាក់ និងមនុស្ស ០៥នាក់ ផ្សេងទៀតរបួស គិតមកទល់នឹងព្រឹក​ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីហេតុការណ៍​ដ៏រន្ធត់មួយនេះ បានកើតមានឡើង​កាលពីល្ងាចថ្ងៃពុធ​ម្សិលមិញ។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

តាមការអះអាងថា របស់អាជ្ញាធររដ្ឋ Madhya Pradesh ដែលកំពុងស្ថិតនៅហ្នឹងកន្លែងកើតហេតុផ្ទាល់នោះ គឺពីដំបូងឡើយ អគ្គីភ័យបានឆាបឆេះរោងចក្រខាងលើនេះ ប៉ុន្តែដោយសារតែមិនអាចគ្រប់គ្រងស្ថានការណ៍​បាន ទើបវាបានវិវឌ្ឍន៍ទៅជាការផ្ទុះដ៏កក្រើក ព្រោះក្នុងរោងចក្រនេះ​មានសុទ្ធតែជាគ្រឿងផ្ទុះស្រាប់។ រោងចក្រ​ខាងលើនេះស្ថិតក្នុងភូមិ Khairi នៃស្រុក Balaghat ដែលមានចម្ងាយ ៤៣៧គីឡូម៉ែត្រ នៃភាគអាគ្នេយ៍ទីក្រុង Bhopal នៃរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា មនុស្ស០៥នាក់ដែលទទួលរងរបួសនោះ កំពុងស្ថិតនៅក្នុង​ស្ថានភាពធ្ងន់ធ្ងរ និងត្រូវបានក្រុម​គ្រូពេទ្យបញ្ជូន​ទៅបន្ទប់សង្គ្រោះបន្ទាន់​រួចហើយ។ អាជ្ញាធរអះអាង​ទៀតថា រោងចក្រខាងលើនេះ​ជារោងចក្រ​ស្របច្បាប់ មានកម្មករធ្វើការ​សរុប ៤០នាក់ (ភាគច្រើនជាស្ត្រី) នៅពេលហេតុការណ៍​ផ្ទុះឡើង។ សម្រាប់​មូលហេតុបង្កជា​ការឆាបឆេះ និងផ្ទុះរោងចក្រ​កំពុងស្ថិតនៅក្នុងការស៊ើប​អង្កេតនៅឡើយ៕