(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់នៅតែកំពុងបន្តប្រតិបត្តិការស្វែងរក តួយន្តហោះទាំងមូល និងមនុស្សបាត់ខ្លួនក្នុង​ករណីធ្លាក់យន្តហោះយោធា ដោយក្នុងប្រតិបត្តិការសង្គ្រោះពេលនេះ មានការ​ចូលរួមពីនាវា​យោធា ០៩គ្រឿង​, យន្តហោះយោធា ០៥គ្រឿង និងឧទ្ធម្ភាគចក្រ ០២គ្រឿង ដែលសុទ្ធសឹង​តែ​ត្រូវបានបញ្ជូនមកពី​កងទ័ពអាកាស​មីយ៉ាន់ម៉ា ហើយក្នុងនោះសាកសពជាច្រើននាក់ (មិនទាន់ដឹងចំនួនច្បាស់លាស់)។ នេះបើតាមប្រភពព័ត៌មាន​ទទួលបានពី​ក្រសួងការពារជាតិ​មីយ៉ាន់ម៉ា ដកស្រង់ដោយសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

គួរបញ្ជាក់តាមព័ត៌មានចុងក្រោយ​បានចេញផ្សាយថា មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានជួយសង្គ្រោះក្នុងហេតុករណ៍ធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ា ដែលមានផ្ទុកមនុស្ស១២២នាក់ (យោធាទើបចេញមកអះអាងតួលេខថ្មី ដោយកាលពីមុនគឺមានតែ ១០៤នាក់) ក្នុងនោះ ១០៨នាក់ជាកងកម្លាំងយោធា។ នេះបើយោង​តាមសេចក្តីរាយការណ៍​របស់ភ្នាក់ងារសារព័ត៌មាន People daily ចេញផ្សាយនៅប៉ុន្មាននាទីមុននេះបន្តិច។

សូមជម្រាបថា បំណែកយន្តហោះមួយចំនួនហើយត្រូវបានគេរកឃើញក្នុងសមុទ្រ Andama (ភាគខាងត្បូងមីយ៉ាន់ម៉ា)។ ប្រភពព័ត៌មាន​ពីមន្ត្រីយោធា និងអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា យន្តហោះធ្វើដំណើរ​ក្នុងស្រុកប្រភេទ Y-8 មួយនេះ ដែលត្រូវបានផលិតនៅប្រទេសចិន បានដឹកកម្លាំងយោធា និងក្រុមគ្រួសារចេញពីទីក្រុង Myeik នៅវេលាម៉ោង ១៖០៦នាទីរសៀលថ្ងៃពុធ ឆ្ពោះទៅកាន់ទីក្រុង Yangon ដែលជាទីក្រុងធំមានមនុស្សរស់នៅច្រើនជាងគេ របស់ប្រទេសមីយ៉ាន់ម៉ា។

ដោយឡែកមូលហេតុដែលបណ្តាលឱ្យយន្តហោះធ្លាក់ នៅមិនទាន់​មានប្រភពណាមួយអាច​បញ្ជាក់បាននៅ​ឡើយទេ ប៉ុន្តែលោក Kyaw Kyaw Htey មន្ត្រីអាកាសស៊ីវិល​មីយ៉ាន់ម៉ា​បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុ​មានលក្ខណៈល្អប្រសើរ​ជាធម្មតាទេ នៅពេលដែលយន្តហោះ​ចាប់ចេញដំណើរ៕