(​វ៉ាស៊ីនតោន)៖ អតីតនាយក​ការិយាល័យស៊ើបអង្កេត​សហព័ន្ធ FBI លោក ​James Comey បានអះអាង​នៅក្នុងសេចក្ដីថ្លែងការណ៍​មួយ ផ្ញើទៅកាន់​សភាអាមេរិកថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ​ត្រាំ ពិតជាធ្លាប់​បានស្នើសុំឱ្យ​លោក បិទបញ្ចប់​ការស៊ើបអង្កេត​ លើអតីត​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក Michael Flynn ដែលត្រូវបាន​គេចោទថា មានទំនាក់ទំនង​សម្ងាត់ជា​មួយរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨​ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​ខាងលើ ដែលចេញផ្សាយ​មួយថ្ងៃ មុននឹងត្រូវចូលខ្លួន​ផ្ដល់សក្ខីកម្ម​នៅចំពោះមុខ​គណៈកម្មាធិការ​ស៊ើបអង្កេត​ព្រឹទ្ធសភា លោក Comey បានបញ្ជាក់ថា នៅអំឡុងជំនួបនាឯសេតវិមាន កាលពី​ថ្ងៃទី១៤​ ខែកុម្ភៈ លោក ត្រាំ បានសើ្នឱ្យលោក​បិទការស៊ើប​អង្កេតលើ លោក Flynn ដោយបានប្រាប់​លោកយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា អ្នក (លោក Comey) នឹងបណ្ដោយឱ្យរឿងនេះកន្លងផុតទៅចុះ ហើយទុកឱ្យ លោក Flynn រួចខ្លួនទៅចុះ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែឧសភា លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត បណ្ដេញលោក James Comey ចេញពីតំណែងជា​នាយក FBI ដែលកំពុងដឹកនាំការស៊ើបអង្កេត​ជុំវិញទំនាក់ទំនង​ រវាងក្រុមយុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់ លោក ត្រាំ និងទីក្រុងម៉ូស្គូ ដោយសំអាងលើ​ហេតុផល​សមត្ថភាព។ ក៏ប៉ុន្តែក្រោយ​ការលេចលឺព័ត៌មានថា លោក ត្រាំ បានស្នើ ឱ្យលោក Comey បិទបញ្ចប់ការស៊ើបអង្កេតនេះ បានធ្វើឱ្យគេយល់ថា វាអាចជាមូលហេតុមួយ​ដែល លោក ត្រាំ សម្រេចបញ្ចប់​តួនាទីលោក Comey។

យ៉ាងណា​ក៏ដោយ លោក ត្រាំ មិនបានប្រើប្រាស់​សិទ្ធិអំណាច​ជាប្រធានាធិបតី រារាំងមិនឱ្យ​អតីតនាយក FBI រូបនេះផ្ដល់សក្ខីកម្ម​នៅចំពោះមុខ​ព្រឹទ្ធសភាអាមេរិក​នោះទេ តែផ្ទុយទៅវិញ​កាលពី​ថ្ងៃពុធ លោក ត្រាំ បានសម្រេចចិត្ត​តែងតាំង​អតីតអគ្គរដ្ឋអាជ្ញារងអាមេរិក លោក Christopher Wray អាយុ៥០ឆ្នាំ ជានាយក FBI​ ថ្មីជំនួស​លោក Comey៕  ​