(តូក្យូ)៖ ក្រោយមានការអះអាងពីកូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលប្រឆាំង​នាវា​ជាច្រើនគ្រាប់នោះ ប្រទេសជប៉ុនក៏បានចេញមុខមកអះអាងដូចគ្នាផងដែរ ប៉ុន្តែទីក្រុងតូក្យូបាន​បញ្ជាក់​បន្ថែមថា វាមិនបានបង្ក​ការគំរាមកំហែង​​សន្តិសុខដីគោក​របស់ជប៉ុននោះឡើយ ខណៈគ្រាប់មីស៊ីលទាំងឡាយ បានធ្លាក់ទៅក្នុងដែនសមុទ្រជប៉ុន។ នេះបើតាមការ​ចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានប្រាប់អ្នករាយការណ៍ព័ត៌មាននានាថា «គ្រាប់មីស៊ីល​បានធ្លាក់ទៅក្នុងសមុទ្រជប៉ុន ហើយវាគ្មានសញ្ញាណាមួយថា គ្រាប់មីស៊ីលទាំងនោះបានធ្លាក់ទៅក្នុងដែន​ទឹក​សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនឡើយ។» ប្រទេសជប៉ុនបានអះអាងថា ខ្លួននឹងរួមសហការជាមួយអាមេរិក និងកូរ៉េខាងត្បូង សម្រាប់ព័ត៌មានបន្ថែមទៀត ទាក់ទងនឹងការបាញ់ចុងក្រោយនេះ។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលខាងលើនេះ បានកើតមានឡើងពីរថ្ងៃបន្ទាប់ពី នាវាមុជទឹកដើរដោយ​ថាមពលនុយក្លេអ៊ែររបស់អាមេរិក USS Cheyenne បានធ្វើដំណើរជ្រែក​ផ្ទៃសមុទ្រមកដល់កំពង់ផែប៊ូសាន (Busan) ភាគខាងត្បូងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងហើយ នៅព្រឹក​ថ្ងៃអង្គារ ខណៈដែលកូរ៉េខាងជើង​ហាក់ដូចជាកំពុងក្រពុលមុខខ្លាំង រឿងការបន្ថែមទណ្ឌកម្ម​ពីក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការ​សហប្រជាជាតិ (UNSC) ដែលមានអាមេរិក និងកូរ៉េខាងត្បូង​ជាអ្នកជ្រោមជ្រែង។

នាវាខាងលើនេះ​មានទម្ងន់ ៦,៩០០តោន ជានាវាសម្រាប់ប្រើ​ក្នុងសង្គ្រាម ហើយត្រូវបាន​បញ្ជូន​មកពី​កំពង់ផែ និងមូលដ្ឋានទ័ពជើងទឹក​អាមេរិកនៅលើកោះ Pearl Harbor របស់រដ្ឋ Hawaii មកសំចតនៅមូលដ្ឋាន​មួយក្នុងកំពង់ផែ​​ប៊ូសាន ចម្ងាយ៤៥០គីឡូម៉ែត្រ​នៃភាគខាងត្បូង​ទីក្រុងសេអ៊ូល។ យ៉ាងណាក៏ដោយ មន្ត្រីទ័ព​អាមេរិកមួយរូប​ដែលសុំមិនបញ្ចេញឈ្មោះ​បានបញ្ជាក់ថា «ការចូលចតនេះគ្រាន់តែ​ដើម្បីឲ្យកងកម្លាំងបាន​សម្រាក និងត្រួតពិនិត្យផ្នែកបច្ចេកទេស​លើនាវាមុជទឹកប៉ុណ្ណោះ ដោយមិនមែនជាការត្រៀមធ្វើសមយុទ្ធ​ណាមួយ ជាមួយកងទ័ពជើង​ទឹកកូរ៉េខាងត្បូងនោះឡើយ»។

USS Cheyenne មានប្រវែងជាង ១១០ម៉ែត្រ អាចដឹកយោធា​បាន ១៣០នាក់ ហើយត្រូវបានបំពាក់​ជាមួយមីស៊ីលទំនើប Tomahawk ផងដែរ ដែលអាចបាញ់បានចម្ងាយ ៣,១០០គីឡូម៉ត្រ និងគ្រាប់មីស៊ីល Harpoon ដែលអាចបាញ់បានចម្ងាយ ១៣០គីឡូម៉ែត្រ។ USS Cheyenne ត្រូវបានផលិតនៅឆ្នាំ១៩៩៦ និងធ្លាប់បំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣៕