(ឡុងដ៍)៖ ចំនួនមនុស្សស្លាប់ ក្នុងករណីវាយប្រហារដោយភេរវកម្មចុងក្រោយបំផុត នៅក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស បានកើន​ដល់០៨នាក់ហើយ បន្ទាប់ពីក្រុមប៉ូលិសដែលធ្វើការរុករកបុរសជនជាតិបាំរាំងម្នាក់ ដែលបានបាត់ខ្លួនក្នុងអំឡុង​ហេតុ​ការណ៍ដ៏​អាក្រក់នោះ ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍​មុនមកនោះ បានរកឃើញនិងស្រង់សាកសពបុរសម្នាក់ ចេញពីទន្លេ River Thames។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅយប់ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។

ប៉ូលិសទីក្រុងឡុងដ៍ បានធ្វើការតាមស្វែងរកយ៉ាងស្វិតស្វាញចំពោះបុគ្គលឈ្មោះ Xavier Thomas ជាបុរសជនជាតិបារាំងម្នាក់ ដែល​បានបាត់ខ្លួនសូន្យឈឹង ចាប់តាំងតែពីពេល ដែលក្រុមភេរវករចំនួនបីនាក់ បានបើករថយន្តបំបុកហ្វូងមនុស្ស នៅលើស្ពាន London Bridge និងបានវាយប្រហារ ដោយប្រើផ្លែកាំបិតនៅផ្សារ Borough Market ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីគ្នា កាលពីថ្ងៃសៅរ៍សប្តាហ៍​មុន (ពេលវេលានៅទីក្រុងឡុងដ៍)។

យោងតាមអាជ្ញាធរអង់គ្លេស លោក Thomas វ័យ៤៥ឆ្នាំ កំពុងធ្វើដំណើរថ្មើរជើងជាមួយមិត្តស្រីរបស់លោក នៅលើស្ពានកើតហេតុ​ នៅពេលដែលការវាយប្រហារបានចាប់ផ្តើមឡើយ ហើយសាក្សីមួយចំនួនបានអះអាងថាលោក Thomas ទំនងជាត្រូវបានបុកខ្ទាត​ធ្លាក់ចូលទៅក្នុងទឹកទន្លេ ខណៈមិត្តស្រីរបស់លោកក៏ត្រូវបានរថយន្តរបស់ជនដៃដល់ទាំងបីរូបបុក និងបណ្តាលឲ្យរបួសធ្ងន់ផងដែរ។

គួរបញ្ជាក់ថា ទោះបីជានីតិវិធីនៃការកំណត់អត្តសញ្ញាណជាផ្លូវការ ពុំទាន់បានប្រព្រឹត្តិទៅជាផ្លូវការយ៉ាងណាក្តី ប្រធានាធិបតីបារាំង​លោក Emmanuel Macron បានបញ្ជាក់ទទួលស្គាល់ថាសាកសព ដែលទើបតែត្រូវបានរកឃើញនេះ គឺជាលោក Xavier Thomas ដែលប្រការបានធ្វើឲ្យជនជាតិបារាំង ដែលបានស្លាប់ក្នុងការវាយប្រហារនេះ កើនដល់បីនាក់ និងមនុស្សដែលបានបាត់បង់ជីវិត​សរុប​​​កើតដល់០៨នាក់៕