(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកនឹងធ្វើការតែងនាយកនៃការិយាល័យស៊ើបអង្កេត​សហព័ន្ធ (FBI) ថ្មី បន្ទាប់ពីអតីតមេ FBI ចាស់ត្រូវបានលោក ត្រាំ សម្រេចបញ្ឈប់ពីតំណែងកាលពីជិតមួយខែមុន។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅយប់ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។

តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Twitter លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយថា «ខ្ញុំនឹងធ្វើការតែងតាំង បុរសពោរពេញដោយ​​សមត្ថ​ភាព​ម្នាក់ គឺលោក Christopher A. Wary ជានាយកដឹកនាំថ្មីរបស់ទីភ្នាក់ងារ FBI។ ព័ត៌មានលម្អិតបន្ថែមនឹងមានបន្តបន្ទាប់ទៀត​​...​»។ លោក Wary ដែលជាអតីតមន្រ្តីមួយរូបនៅក្រសួងយុត្តិធម៌អាមេរិកនោះ ស្ថិតក្នុងចំណោមអតីតរដ្ឋអាជ្ញា អ្នក​នយោបាយ និង​មន្រ្តីអាវុធវត្តន៍ច្បាប់ជាច្រើនផ្សេងទៀត ដែលត្រូវបានសម្ភាសន៍ដោយលោក ត្រាំ ចាប់តាំងពីលោក James Comey អតីតប្រធាន​ FBI ចាស់កាលពីខែឧសភាកន្លងទៅ។

សូមរំលឹកថា លោក James Comey ត្រូវបានបណ្តេញចេញពីមុខតំណែង អំឡុងពេលដែលរូបលោក កំពុងដឹកនាំការស៊ើបអង្កេតទ្រង់​ទ្រាយធំមួយរបស់ FBI ទៅលើការសង្ស័យ ដែលថាប្រទេសរុស្ស៊ីបានចូលជ្រៀតជ្រែងក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអា​មេរិកកាលពីឆ្នាំ២០១៦ ក៏ដូចជាទំនាក់ទំនងរវាងមន្រ្តីរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ត្រាំ៕