(តេហេរ៉ង់)៖ ក្រុម ISIS នៅថ្ងៃពុធនេះ​បានចេញមុខទទួលខុសត្រូវ លើការវាយប្រហារចំនួនពីរលើក មិនធ្លាប់មានពីមុនមក​ទៅលើសភា និងការបំផ្ទុះគ្រាប់បែកលើផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីរ៉ង់ លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន BBC​ នៅល្ងាចថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។   ​

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បុរសជាខ្មាន់កាំភ្លើងមានគ្នាបួននាក់ បានបើកការបាញ់រះ​ទំាងកម្រោលនៅក្នុង​សភាអ៊ីរ៉ង់ ខណៈអត្តឃាតជន​ម្នាក់ទៀតបានចុចគ្រាប់បែក បំផ្ទុះនៅឯផ្នូរ​របស់ស្ថាបនិក​សាធារណរដ្ឋអ៊ីរ៉ង់ លោក Ayatollah Khomeini នៅក្នុងរដ្ឋធានីតេហេរ៉ង់​ ដោយបណ្ដាលឱ្យឆ្មាំ​យាមកាមម្នាក់បានស្លាប់ និងមនុស្សជាច្រើននាក់រង​របួស។ តែបើតាមព័ត៌មានបឋម មនុស្ស០៧នាក់ បានស្លាប់នៅក្នុងការវាយប្រហារនេះ។ ដោយឡែក ក្រុម ISIS តាមរយៈប្រព័ន្ធរបស់​ខ្លួនឈ្មោះ Amaq បានអះអាងដូច្នេះថា «ក្រុមអ្នកប្រយុទ្ធ ISIS បានដឹកនាំការវាយប្រហារ​នៅឯផ្នូរ Ayatollah Khomeini និងអាគារសភាអ៊ីរ៉ង់»

ទោះបីជាយ៉ាងក៏ដោយ ក្រុមភេរវករមួយនេះ​មិនបានបញ្ជាក់អ្វីលម្អិតនោះទេ រីឯអាជ្ញាធរអ៊ីរ៉ង់ ក៏ពុំទាន់ទទួលស្គាល់ជា​ផ្លូវចំពោះការអះអាងនេះដែរ។ តែអ្វីដែលគេដឹងនៅពេលនេះគឺថា ការវាយប្រហារនេះកើតឡើង​នៅចំពេល​ទីក្រុងតេហេរ៉ង់ កំពុងជួយគាំទ្រកងកម្លាំង​រដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS៕