(ប៉េកាំង)៖ ទីក្រុងប៉េកាំងបាន​ទាត់ចោល ហើយរិះគន់ចំពោះការស៊ើបអង្កេតមួយ​របស់ប្រព័ន្ធផ្សព្វផ្សាយ​អូស្រ្តាលី ដែលបាន​អះ​អាង​ថា​ ចិន​កំពុងព្យាយាម​ពង្រីកឥទ្ធិពលរបស់ខ្លួនសន្សឹមៗ ចូលទៅក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។

ក្រសួងការបរទេសចិន​បានលើកឡើងថា ការចោទប្រកាន់​ក៏ដូចជាស៊ើបអង្កេត​របស់សារព័ត៌មាន Fairfax Media រួមដៃគ្នាជាមួយ​សារ​ព័ត៌មាន ABC News ដែលថា រដ្ឋាភិបាល​ទីក្រុងប៉េកាំង កំពុងធ្វើការ​ចូលលុកលុយ​ប្រទេសអូស្រ្តាលី​ជាសម្ងាត់នោះ គឺគ្មានមូលដ្ឋាន​​ច្បាស់លាស់ឡើយ។

លោកស្រី Hua Chunying អ្នកនាំពាក្យ​របស់ក្រសួង​ខាងលើ​បាននិយាយថា «វាពុំមាន​គោលការណ៍​មូលដ្ឋានណាមួយ​ឡើយ ដែល​គាំទ្រ​​ការ​​ចោទ​ប្រកាន់ ដែលប្រកប​ដោយភាពគ្មាន​ទំនួលខុសត្រូវ​ជាខ្លាំងនេះ។ ជាមួយគ្នានេះ​ប្រទេសចិន​សូមទទូចដល់​ប្រព័ន្ធផ្សព្វ​ផ្សាយអូស្រ្តាលី​ ដែលពាក់ព័ន្ធ​ឲ្យ​គោរពប្រតិបត្តិ​តាមក្រុមសីលធម៌នៃជំនាញវិជ្ជាជីវៈ​ក្នុងនាមជាអ្នក​សារព័ត៌មាន ហើយបោះបង់ចោល​​មនោ​គម​វិជ្ជា​​ដែលមាន​ភាពលំអៀង និងធ្វើ​សេចក្តីរាយការណ៍​ដែលប្រកបដោយ​ភាពត្រឹមត្រូវ និងតម្លាភាព ស្តីពីការអភិវឌ្ឍរបស់ចិន ក៏​ដូច​​ជាទំនាក់​ទំនង​ចិន-អូស្រ្តាលី»។​

គួរបញ្ជាក់ថា ការស៊ើបអង្កេត​រយៈពេល០៥ខែ​ របស់សារព័ត៌មានទាំងពីរ​ខាងលើរបស់អូស្រ្តាលីបានអះអាងថា ទីក្រុងប៉េកាំងកំពុង​មាន​សកម្មភាព​យ៉ាងសកម្ម នៅក្នុងផ្នែកជាច្រើន​ទូទាំងប្រទេស​អូស្រ្តាលី និងបាន​រកឃើញ​អំពីរបៀប​ដែលគណបក្សកុម្មុយនិស្តចិន​ កំពុងធ្វើការលុកលុយ​អូស្រ្តាលីជាសម្ងាត់៕