(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បណ្ដាមេដឹកនាំ​ដែលលោកបានជួប​ នៅក្នុងដំណើរទស្សនកិច្ចរបស់​លោកនៅមជ្ឈិមបូព៌ា​បានព្រមានលោកថា ប្រទេសកាតា បានផ្ដល់លុយកាក់​ដល់ពួកភេរវករ ហើយក្រោយមក​ទើបប្រធានាធិបតីរូបនេះ បានស្នើសុំដល់​មេដឹកនាំអារ៉ាប់ ទាំងអស់ចូលរួមទប់ស្កាត់​ ការផ្ដល់​ហិរញ្ញវត្ថុដល់ពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់ លោក ដូណាល់ ត្រាំ អាចបញ្ជាក់បានថា លោកបានចូលរួម​ធ្វើឱ្យមានការបាក់បែ​កនៅក្នុងពិភពអារ៉ាប់ មិនតែប៉ុណ្ណោះ លោកក៏បានកោតសរសើរ​ផងដែរ ដល់បណ្ដាប្រទេស​មជ្ឈិមបូព៌ា ដែលបានចាត់​វិធានការ​លើកាតា បើទោះជា​រដ្ឋក្នុងឈូងសមុទ្រ​ហ្គូលមួយនេះ បានធ្វើជាទីតាំងដាក់មូលដ្ឋានទ័ពអាកាសអាមេរិក ដ៏ធំនៅក្នុងតំបន់ ក៏ដោយ។

លោក ត្រាំ នៅលើសារបញ្ចេញមតិរបស់ខ្លួនលើបណ្ដាញ Twitter បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ពិតជាល្អណាស់ ដែលបានឃើញដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ជាមួយស្ដេច និងមេដឹកនាំជាង​៥០ប្រទេស​ចេញនូវលទ្ធផលជាផ្លែផ្កា។ ពួកគេបាននិយាយថា នឹងចាត់វិធានការ​យ៉ាងតឹងរឹង ក្នុងការទប់ស្កាត់​ការផ្ដល់ហិរញ្ញវត្ថុដល់​ពួកភេរវករ ហើយឯកសារយោង​ទំាងអស់បញ្ជាក់ថា កាតាជាអ្នក​នៅពីក្រោយ​ខ្នងរឿងនេះ ...នេះប្រហែល​ជាការចាប់ផ្ដើម​នៃការបញ្ឈប់ពីភាពភ័យរន្ធត់​នៃអំពើភេរវកម្ម»។ ប៉ុន្តែ​ទន្ទឹមគ្នា​នោះដែរ នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទជាមួយសេ្ដច​អារ៉ាប៊ីសាអូឌីត ប្រធានាធិបតី​អាមេរិករូបនេះ នៅតែបញ្ជាក់​ពីភាពចាំបាច់នៃ​ការរួបរួមឯកភាពគ្នា រវាងបណ្ដាប្រទេស​ក្នុងតំបន់​ឈូងសមុទ្រហ្គូល។ នេះបើតាមសម្តីមន្ត្រី​ជាន់ខ្ពស់សេតវិមានអាមេរិក។

គួរបញ្ជាក់ថា កាលពី​ថ្ងៃចន្ទកន្លងទៅ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន យេមែន ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសផ្ដាច់ទំនាក់ទំនងការទូត បិទព្រំដែនគោក-​ទឹក និងអាកាសជាមួយកាតា​ដោយចោទថា ទីក្រុងដូហា​គាំទ្រក្រុមចលនា​ដែលពួកគេហៅថា​ ជាភេរវករ​ដូចជាហាម៉ាស់ និង Muslim Brotherhood។ ប៉ុន្តែក្រុម​អ្នកជំនាញមួយ​ចំនួនយល់ថា ខុសគ្នាលើការ​សម្រេចចិត្តបែបនេះ ដោយអ្នកខ្លះគិតថា ទីក្រុងរីយ៉ាដ​រករឿងឈ្លោះជាមួយកាតា ដោយសាររឿងប្រេង រីឯអ្នកខ្លះទៀតថា ដើម្បីផ្គាប់ចិត្ត​សហរដ្ឋ​អាមេរិក ដែលកំពុងត្រូវការលុយ​ជាច្រើនពី​អារ៉ាប៊ីសាអូឌីត៕