(វ៉ាស៊ីនតោន)៖ ប្រទេសអារ៉ាប៊ីសាអូឌីត​បានប្រមូលគ្នីគ្នា កាត់ផ្ដាច់ទំនាក់ទំនង​ការទូតជាមួយកាតា មិនមែនដោយ​សារហេតុផលថា ប្រទេសក្នុងពិភពអារ៉ាប់ដូចគ្នាមួយនេះ គាំទ្រ​ក្រុមភេរវករនោះទេ ប៉ុន្តែវាអាចមានជាប់​ពាក់ព័ន្ធនឹងជម្លោះ តាំងតែពីឆ្នាំ១៩៩៥មកម្លេះ បន្ទាប់ពីទីក្រុងដូហា បានទទួលជោគជ័យ​ក្នុងការចំរាញ់ និងផលិតឧស្ម័ន​ធម្មជាតិ LNG​ ដែលជាផលិតផលស្នូលបានធ្វើឱ្យកាតា​ក្លាយជា ប្រទេសមាន​ឯករាជ្យភាពពី​ទីក្រុងរីយ៉ាត និងភ្ជាប់កាតា​ដោយប្រយោល​ទៅនឹងសត្រូវរបស់​ អារ៉ាប៊ីសាអូឌីត នោះគឺប្រទេសអ៊ីរ៉ង់។ នេះបើតាមសម្តី​អ្នកជំនាញអាមេរិក​ម្នាក់ ដកស្រង់ដោយ​សារព័ត៌មាន Russain Today នៅព្រឹកថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។

ដោយសារ​ឧស្ម័ន LNG បានធ្វើឱ្យកាតា​ក្លាយជាប្រទេសអ្នកមានមួយ នៅក្នុងពិភពលោក រហូតប្រជាជន​កាតាម្នាក់​អាចរកប្រាក់​ចំណូល​បានដល់ទៅ ១៣០,០០០ដុល្លារ ក្នុងមួយឆ្នាំ​ឯណោះ ព្រមទំាងជា​ប្រទេសនាំ​ចេញឧស្ម័ន LNG ដ៏ធំមួយផងដែរក្នុងតំបន់។ ក៏ប៉ុន្តែ​ក្រុមហ៊ុនប្រេង​កាតា North Field ដែលជាអ្នកផ្គត់ផ្គង់​ឧស្ម័នទាំងអស់​នៅក្នុង​ប្រទេស បែរជាចែករំលែក​ជាមួយអ៊ីរ៉ង​ទៅវិញ ហើយជាងនេះ​ទៅទៀត កាតាថែមទាំង​ហ៊ានកាត់មុខ​ទទួលស្វាគមន៍​ ទីបញ្ជាការកណ្ដាលអាមេរិក ក៏ដូចជាទិញ​ភាគហ៊ុន ២.៧ពាន់លានដុល្លារ​ពីក្រុមហ៊ុនប្រេង​រុស្ស៊ី Rosneft ដែលនេះហើយ​ជាហេតុផល​ធ្វើឱ្យទីក្រុងរីយ៉ាត មិនសប្បាយចិត្ត​ជាខ្លាំង។

ដោយឡែក​ទាក់ទិននឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវផ្នែក​ថាមពលមកពី​វិទ្យាស្ថាន Baker Institute នៃសកលវិទ្យាល័យ Rice ក្នុងទីក្រុង Houston នៃរដ្ឋ Texas លោក Jim Krane បានលើក​ឡើងប្រាប់  សារព័ត៌មាន Bloomberg យ៉ាងដូច្នេះថា «កាតាត្រូវបានគេមើលឃើញថា ជារដ្ឋចំណុះរបស់​អារ៉ាប៊ីសាអូឌីត ក៏ប៉ុន្តែដោយសារតែ​ទ្រព្យសម្បតិ្តនៃឧស្ម័ន វាបានធ្វើឱ្យទីក្រុងដូហា​មានឯករាជ្យភាព ខណៈអារ៉ាប៊ីសាអូឌីត និងបណ្ដា​ប្រទេសដទៃទៀត​ក្នុងតំបន់​ឈូងសមុទ្រហ្គូល កំពុងដើរតាម​ពីក្រោយការចំរាញ់​ឧស្ម័នធម្មជាតិ LNG​ ដូច្នេះហើយ​ទើបពួកគេព្យាយាម​រាំងខ្ទប់ និងកាត់ផ្ដាច់​ស្លាបមួយនេះ​របស់កាតា»

គួររំលឹកថា កាលពីថ្ងៃចន្ទកន្លងទៅ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន, យ៉េមែន, ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសផ្ដាច់​ទំនាក់ទំនង​ការទូត បិទព្រំដែនគោក-​ទឹក និងអាកាស​ជាមួយកាតាដោយចោទថា ទីក្រុងដូហា​គាំទ្រក្រុមចលនា​ដែលពួកគេហៅថា​ ជាភេរវករ​ដូចជា​ហាម៉ាស់ និង Muslim Brotherhood។ ប៉ុន្តែការ​សម្រេចចិត្ត​នេះ បានកើតឡើងតែជាងពីរសប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​លោក ដូណាល់ ត្រាំ បំពេញដំណើរ​ទស្សនកិច្ច​ក្នុងគោលដៅបូមលុយនៅ​ អារ៉ាប៊ីសាអូឌីត។ ចំណែកឯកាតាបាន​ច្រានចោលការ​ចោទប្រកាន់ទាំងនេះ ខណៈមេដឹកនាំ​គុយវ៉ែតប្រកាសកាលពី​ថ្ងៃអង្គារ ថា នឹងធ្វើដំណើរ​ទៅកាន់ទីក្រុងរីយ៉ាត ដើម្បីព្យាយាម​បន្ធូរបន្ធយភាពតាន​តឹងនេះ៕