(វ៉ាស៊ីនតោន)៖ យោងសារអ៊ីម៉ែលបែកធ្លាយរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ ដោយគេហទំព័រ WikiLeaks ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានដឹងអំពីការឧបត្ថម្ភ​គាំទ្រលួចលាក់​របស់ប្រទេសកាតា រួម​ទាំង​រា​ជា​​ណា​ចក្រ​អារ៉ាប៊ីសា​អូ​ឌីត ទៅកាន់បណ្តាញក្រុមភេរវករ ដែលធ្វើ​សកម្ម​ភាព​នៅ​តាមបណ្តាប្រទេសនៃតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពី​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។

សារអ៊ីម៉ែលខាងលើមានកាលបរិច្ឆេទតាំងពីខែសីហា ឆ្នាំ២០១៤ មកម្ល៉េះ ប៉ុន្តែទើបតែត្រូវបានទម្លាយចេញដោយ WikiLeaks នាសប្តាហ៍នេះ  ហើយវា​ត្រូវបាន ផ្ញើពីលោកស្រី គ្លីនតុន ទៅកាន់ទីបឹ្រក្សារបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ស្តីពីការប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS រួមទាំងបញ្ហា ជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ហើយព័ត៌មាននៅក្នុងសារអ៊ីម៉ែលដដែលនេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ប្រភព​ផ្សេងៗ រួមមានស្ថាប័ន ស៊ើបការណ៍សម្ងាត់ របស់អឺរ៉ុបនិងសហរដ្ឋអាមេរិក រួមទាំងប្រភពនៅក្នុងតំបន់មជ្ឈិមបូព៌ាផ្ទាល់។

សារអ៊ីម៉ែលរបស់អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកនេះ មានខ្លឹមសារយ៉ាងដូច្នេះថា «យើងចាំបាច់ត្រូវតែដាក់សម្ពាធ​ទៅលើរដ្ឋាភិបាលរបស់កាតា និង​អារ៉ាប៊ីសាអូឌីត ដែលកំពុងតែលួចផ្តល់ការគាំទ្រជាសម្ងាត់ទាំងផ្នែកហិរញ្ញវត្ថុ និងដឹកជញ្ជូនដល់ក្រុមភេរវករ ISIS និងក្រុមជ្រុលនិយមប្រដាប់អាវុធ​អ៊ីស្លាម​ដទៃផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា»។ ម៉្យាងវិញទៀតឯកសារនេះ ក៏បានលើកឡើងអំពីភាពប្រកួតប្រជែងគ្នា យ៉ាងស្វិតស្វាញរវាងទីក្រុង​ដូហានិងទីក្រុងរីយ៉ាដផងដែរ ក្នុងការដណ្តើមកាន់កាប់ពិភពអារ៉ាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប យេម៉ែន លីប៊ី និងម៉ាល់ឌីវ បាន​ប្រកាស​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​គ្រប់​ទម្រង់ទាំងអស់ជាមួយកាតា ដោយបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងដូហាថា បាននិងកំពុងបង្កអស្ថិរភាព ដល់ស្ថានការណ៍នៅ​តំបន់​មជ្ឈិម​បូព៌ា និងបាន​លួចគាំទ្របណ្តាញក្រុមភេរវករ​។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលប្រទេសកាតា បានចាត់ទុកថា​ ការ​សម្រេច​ចិត្ត​កាត់ផ្ដាច់​ទំនាក់ទំនងការ​ទូត​នេះ ថាជារឿង​អយុត្តិធម៌ ព្រមទាំងមិនអាច​ទទួលយក​បានជាដាច់ខាត៕