(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយនិងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមហ៊ុន Apple បានបង្ហាញពី Smart Speaker របស់ខ្លួនមាន​ឈ្មោះថា HomePod ដែលមានសមត្ថភាព​បញ្ជា ដោយសំឡេងក្នុងការដំណើរ​ការកម្មវិធីតន្ត្រី ឬក៏ផ្ញើសារ SMS​ ដែលនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនយក្សអាមេរិកផ្នែកបច្ចេកវិទ្យា​ឈានមុខមួយនេះ ប្រកួតប្រជែងជា​មួយនឹងផលិតរបស់ក្រុមហ៊ុន Amazon និងGoogle។ ជាមួយគ្នា Apple ក៏កំពុងត្រៀមដាក់តាំងបង្ហាញ​ផងដែរ iP​ad Pro ជំនាន់ថ្មីរបស់ខ្លួនមានពីរ​ទំហំគឺ iP​ad Pro ១០.៥អ៊ីញ និង១២.៩អ៊ីញ ដែល ដំណើរការ​ដោយកម្មវិធី iOS11៕

២៖ Goldilocks Zone ឬ Habitable Zone សំដៅទៅលើតំបន់​ដែលអាចទ្រទ្រង់ជីវិតបាន និងស្ថិតនៅជុំវិញ​ផ្កាយមួយ ដែលមានសីតុណ្ហភាព​ដ៏ត្រឹមត្រូវសមរម្យគឺ​មិនក្តៅ ឬត្រជាក់ពេកឡើយ សម្រាប់ទឹកដែលជាអង្គធាតុរាវ អាចមានវត្តមាននៅលើភពមួយបាន។ ហេតុដូច្នេះហើយទើប ក្រុមតារាវិទូសន្និដ្ឋាន ភពមួយចំនួនដែល ស្ថិតនៅក្នុង​គន្លងដ៏ត្រឹមត្រូវ ឬ Goldilocks Zone នោះអាចមានជីវិត​ដូចផែនដីយើងដែរ៕

៣៖ មេដឹកនាំគុយវ៉ែត បានជម្រុញឱ្យមេដឹកនាំកាតា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ បញ្ជៀសរាល់ការធ្វើសកម្មភាព​ទាំងឡាយណា ដែលបង្កឱ្យ​ជម្លោះការទូតជាមួយ បណ្ដាប្រទេសឈូងសមុទ្រ (Gulf states) កាន់តែតានតឹង​ឡើង។ ការថ្លែងបែបនេះ​របស់មេដឹកនាំ​គុយវ៉ែត ធ្វើឡើងបន្ទាប់ពី អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម អាជ្ញាធរភាគខាងកើត​ប្រទេសលីប៊ី យ៉េមែន ម៉ាល់ឌីវ​ និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់​ទំនាក់ទំនងការទូត បិទព្រំដែនទឹក-គោក និងអាកាស​ជាមួយកាតា ដោយចោទ ថាទីក្រុងដូហា​ បានបង្កអស្ថេរភាព​នៅក្នុងតំបន់ព្រមទំាងគាំទ្រ​ក្រុមភេរវករ៕

៤៖ អ្នកដំណើរជាច្រើននាក់បាន​សម្រេចចិត្តលោតចុះភ្លាមៗ ក្រោយពួកគេបានឡើងលើ​យន្ដហោះបន្តិច និងត្រូវបានជម្លៀស​ជាបន្ទាន់​នៅអង្គារនេះ ដោយសារតែ​មាន សេចក្ដីរាយការណ៍​​វត្ថុចម្លែកម្យ៉ាង​ដូចជាគ្រាប់បែកត្រូវបានគេរកឃើញ​នៅ​លើជើងហោះហើរពី​ទីក្រុង​ស៊ីដនី ឆ្ពោះទៅកាន់ទីក្រុងអាល់បឺរី (Albury) ប្រទេសអូស្រាលី។ ប៉ុន្តែនៅក្នុងហេតុការណ៍នេះ មិនបានបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ៕

៥៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិក USS Cheyenne បានធ្វើដំណើរជ្រែក​ផ្ទៃសមុទ្រមកដល់កំពង់ផែប៊ូសាន (Busan) ភាគខាងត្បូង ទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងហើយ នៅព្រឹក​ថ្ងៃអង្គារនេះ ខណៈដែលកូរ៉េខាងជើង​ កំពុងក្រពុលមុខខ្លាំងរឿងការបន្ថែមទណ្ឌកម្ម​ពីក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការ​សហប្រជាជាតិ (UNSC) ដែលមានអាមេរិក និងកូរ៉េខាងត្បូង​ជាអ្នកជ្រោមជ្រែង។ ការចល័តនាវាបែបនេះ ជារឿយៗត្រូវបានកូរ៉េខាងជើង ចោទប្រកាន់ថាគឺជាសកម្ម ភាពត្រៀមឈ្លានពានចូលទីក្រុងព្យុងយ៉ាង៕

៦៖ ប៉ូលិសអង់គ្លេស បានបញ្ជាក់​អត្តសញ្ញាណភេរវករពីរនាក់ ដែលដឹកនាំការវាយប្រហារក្នុងទីក្រុងឡុងដ៍ ក្នុងនោះម្នាក់​ឈ្មោះ Khuram Shazad Butt និង Rachid Redouane ហើយអ្នកទំាងពីរ​សុទ្ធតែជាអ្នកមកពី​ទីក្រុង Barking និងត្រូវបានប៉ូលិសបាញ់សម្លាប់នៅអំឡុងពេលដឹកនាំសកម្មភាពវាយប្រហារ​ភេរវកម្ម​។ ប៉ុន្តែទន្ទឹម គ្នានោះដែរ ជនសង្ស័យទំាង១២នាក់ ​ដែលត្រូវបានចាប់ខ្លួនកាលពី​ថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការវាយប្រហារ​ភេរវកម្មក្នុង​ទីក្រុងឡុងដ៍ ត្រូវបានអាជ្ញាធរដោះលែងឱ្យមាន សេរីភាពវិញ​ហើយ​កាលពីថ្ងៃចន្ទ​សប្ដាហ៍នេះដោយគ្មានការចោទប្រកាន់អ្វីទាំងអស់។ ការវាយប្រហារភេរវកម្មនេះ បានផ្ដាច់យកអាយុជីវិតមនុស្ស ០៧នាក់៕