(ព្យុងយ៉ាង)៖ កូរ៉េខាងជើង​នៅថ្ងៃអង្គារនេះ បានចេញមុខរិះគន់​ដោយផ្ទាល់​ជាលើកដំបូងលើមន្ត្រីរដ្ឋាភិបាល​កូរ៉េខាងត្បូងថ្មីរបស់ ​លោក មូន ជេអ៊ីន ដោយចោទប្រកាន់ថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង កំពុងប្រឹងប្រែងធ្វើយ៉ាងណាឱ្យទីក្រុងព្យុងយ៉ាងកាន់តែឯកោ ដោយយកលែសរឿងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទ​អត្ថាធិប្បាយរបស់ខ្លួន​ កាសែត​កូរ៉េខាងជើង Minju Joson បាននិយាយថា រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង លោក ហាន់ មីនគូ (Han Min Gu) បាន ពិភាក្សាជា​មួយមេកើយ​របស់ខ្លួន​គឺសហរដ្ឋអាមេរិក ដើម្បីស្វែងរក​ការដាក់សម្ពាធ​បន្ថែម លើទីក្រុងព្យុងយ៉ាង។ បន្ថែមពីលើនេះ Minju Joson បានចាត់ទុកថា ការរីកចំរើន និងការអភិវឌ្ឍ​អាវុធនុយក្លេអ៊ែរ ក៏ដូចជាមីស៊ីល​ផ្លោងរបស់ខ្លួន ជាសិទ្ធិ​ស្វ័យការពារ​ស្របច្បាប់។ «មនុស្សចូលចិត្ត​សង្រ្គាម​ដូចជាលោក ហាន់ មីនគូ កំពុងព្យាយាមធ្វើឱ្យ​កូរ៉េខាងជើងឯកោ ដោយគ្រាន់តែ​សំអាងលើ ការរីកចំរើន​ទៅមុខ​របស់កូរ៉េខាងជើង​តែប៉ុណ្ណោះ»។ នេះបើតាមកាសែតកូរ៉េខាងជើង Minju Joson បានចុះផ្សាយ។

គួរបញ្ជាក់ថា ដូចសព្វដង​ទីក្រុងព្យុងយ៉ាង​នៅតែព្រមានថា ត្រៀមខ្លួនជានិច្ចក្នុង​ការពារប្រទេស​ ពីការឈ្លានពានរបស់សត្រូវ​ដូចជា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈស្ថានភាព​នៅឧបទ្វីបកូរ៉េ​ នៅតែបន្តតានតឹង​នៅឡើយ៕