(កាប៊ុល)៖ សំឡេងផ្ទុះដ៏ខ្លាំងក្លា​នៅក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន​នាមុននេះ គឺដោយសារតែគ្រាប់​រ៉ុក្កែតមួយគ្រាប់ បាញ់​ចេញ​ដោយ​​ក្រុមសកម្មប្រយុទ្ធ បានធ្លាក់ទៅក្នុងភូមិគ្រឹះ​របស់ឯកអគ្គរដ្ឋទូត​ឥណ្ឌា ក៏ប៉ុន្តែពុំបានបណ្តាល​ឲ្យមានមនុស្សរងគ្រោះ​នោះឡើយ។ នេះបើតាមការ​​ចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមប្រភព​មិនបញ្ចេញអត្តសញ្ញាណ​មួយ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន​ស៊ិនហួរគ្រាប់រ៉ុក្កែតមួយគ្រាប់​​បានធ្លាក់ទៅចំ​កន្លែងវាយកូនបាល់ ដែល​ស្ថិតនៅក្នុង​ភូមិគ្រឹះរបស់​ឯកអគ្គរដ្ឋទូតឥណ្ឌា​ប្រចាំអាហ្វហ្គានីស្ថាន នាវេលាម៉ោង ១១៖២៥នាទីព្រឹកថ្ងៃចន្ទនេះ (ពេលវេលានៅ​កន្លែងកើតហេតុ) ហើយ​ការផ្ទុះដោយ​គ្រាប់រ៉ុក្កែតនេះ មិនបានបង្កឲ្យមាន​ជនរងគ្រោះ​នោះឡើយ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ ក៏បានកើតឡើងនៅក្បែរទីតាំងប្រារព្ធវេទិកាសន្និសីទអន្តរជាតិមួយ ស្តីពីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ដែលកំពុងប្រព្រឹត្តិ​ទៅនៅ​​ឯរដ្ឋធានីកាប៊ុលផងដែរ ដោយមាន​​ការួមចូលពីសំណាក់​បណ្តាប្រទេសចំនួន២០ និងអង្គការអន្តរជាតិ​ជាច្រើន​ផ្សេងទៀត៕