(វ៉ាស៊ីនតោន)៖ អ្នកជំនាញមួយក្រុម​របស់សហរដ្ឋអាមេរិក បានអះអាងថា កាលពីឆ្នាំ១៩៦៧ ប្រទេសអ៉ីស្រាអែល​បានប្រញាប់ប្រញាល់​ រៀបចំផែនការ​ដើម្បីបំផ្ទុះគ្រាប់បែក​នុយក្លេអ៊ែរ​មួយគ្រាប់ ប្រសិនបើខ្លួនទំនងជា​នឹងមិនទទួល​បានជ័យជម្នះ នៅក្នុងសង្រ្គាមរយៈពេល​០៦ថ្ងៃ រវាង​អ៉ីស្រាអែល​ និង​បណ្តា​ប្រទេសអារ៉ាប់មួយ​ចំនួនទៀតទេនោះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមក្រុមអ្នក​ស្រាវជ្រាវខាងលើ កម្មវត្ថុនៃគម្រោង​ដែលមានឈ្មោះសម្ងាត់ថា Operation Sampson ដែលត្រូវបានលាតត្រដាង​​នា​ពេល​ថ្មីៗនេះ គឺ​ធ្វើ​ការ​បំផ្ទុះ​គ្រាប់​​នុយ​ក្លេអ៊ែរមួយគ្រាប់ នៅលើកំពូល​ភ្នំ​​មួយ​កន្លែង​​ក្នុង​​ឧបទ្វីប Sinai ដែលជាដែនដី​តភ្ជាប់រវាងទ្វីបអាស៊ី និងអាហ្រិ្វក ហើយ​ទោះបី​ជា​គម្រោង​ប្រតិបត្តិការនេះ មិនដែលត្រូវ​បានអនុវត្តន៍​ក៏ដោយ វាត្រូវបានបង្កើតឡើង​ដើម្បីកំញើញក៏ដូចជា​បំផិតបំភ័យ ប្រទេសអារ៉ាប់​​មួយ​ចំនួន​រួមមាន ហ្ស៊កដានី អេហ្ស៊ីប អ៉ីរ៉ាក់ និងស៊ីរី។

យ៉ាងណាមិញ ផ្អែកលើបទសម្ភាសន៍​មួយរវាងក្រុមអ្នកស្រាវជ្រាវ​ដដែល និងមេទ័ពអ៉ីស្រាអែល លោក Itzhak Yaakov ដែលបានទទួលមរណភាព​កាល​​ពីប៉ុន្មានឆ្នាំមុននោះ ប្រតិបត្តិការ Sampson របស់អីស្រាអែល ត្រូវបានគ្រោងធ្វើឡើង ដើម្បីតែជាការគម្រាម​សុទ្ធសាធ មិនមែនសំដៅ​ឲ្យប៉ះពាល់ដល់​​អាយុជីវិតមនុស្សណាម្នាក់ឡើយ។

គួរបញ្ជាក់ថា បើសិនជាអ៉ីស្រាអែល កាលនោះ បានអនុវត្តន៍ផែនការខាងលើ វានឹងក្លាយជាលើកទីមួយហើយ ដែលមានការបំផ្ទុះគ្រាប់បែក​នុយក្លេ​អ៊ែរ​ដោយយោធា គិតចាប់តាំងពីចុង​សង្រ្គាមលោកលើកទីពីរមក នៅពេលដែល​សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា​ និងណាហ្គាសាគី​របស់ប្រទេសជប៉ុន៕