(ស៊ីដនី)៖ អ្នកដំណើរជាច្រើននាក់​សម្រេចចិត្តលោតចុះភ្លាមៗ ក្រោយពួកគេបានឡើងលើ​យន្ដហោះបន្តិច និងត្រូវបានជម្លៀស​ជាបន្ទាន់​នៅអង្គារនេះ ដោយសារតែ​មានសេចក្ដីរាយការណ៍​​ពីការវត្ថុចម្លែកម្យ៉ាង​ដូចជាគ្រាប់បែក ត្រូវបានគេរកឃើញ​នៅ​លើជើងហោះហើរពី​ទីក្រុង​ស៊ីដនី ឆ្ពោះទៅកាន់ទីក្រុងអាល់បឺរី (Albury)។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។

បើតាមប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងតំបន់ វត្ថុចម្លែកសង្ស័យថា ជាគ្រាប់បែកនោះ ត្រូវបានគេប្រទះឃើញ​ក្នុង​បន្ទប់ទឹក នៃជើងហោះហើរ  Virgin VA1174។ ទន្ទឹមគ្នានេះប៉ូលិសអូស្រ្ដាលីបានឱ្យដឹងថា គ្មានសញ្ញាណ និងការផ្ទុះណាមួយ​បានកើតឡើងលើ​យន្ដហោះឡើយ ​ខណៈបុរសម្នាក់​ត្រូវចាប់ខ្លួន រីឯខាងប៉ូលិស​កំពុងបើកការ​ស៊ើបអង្កេត លើករណីនេះហើយ។

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ ពុំបណ្ដាលឱ្យមាន​អ្នកដំណើរណាម្នាក់ រងរបួសនោះទេ បន្ទាប់ពីពួកគេបាន​លោតចេញពីលើយន្ដហោះ​នៅកម្ពស់ ១.២ ម៉ែត្រ ហើយអ្វីគ្រប់យ៉ាង​វិលទៅរកភាពប្រក្រតីវិញ​ហើយដែរ។ នេះបើតាម​ប៉ូលិសអូស្រ្ដាលី៕