(ប៊ូសាន)៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក USS Cheyenne បានធ្វើដំណើរជ្រែក​ផ្ទៃសមុទ្រមកដល់កំពង់ផែប៊ូសាន (Busan) ភាគខាងត្បូងទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូងហើយ នៅព្រឹក​ថ្ងៃអង្គារនេះ ខណៈដែលកូរ៉េខាងជើង​ហាក់ដូចជាកំពុងក្រពុលមុខខ្លាំង រឿងការបន្ថែមទណ្ឌកម្ម​ពីក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការ​សហប្រជាជាតិ (UNSC) ដែលមានអាមេរិក និងកូរ៉េខាងត្បូង​ជាអ្នកជ្រោមជ្រែង។ នេះ​បើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយសារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។

នាវាខាងលើនេះ​មានទម្ងន់ ៦,៩០០តោន ជានាវាសម្រាប់ប្រើ​ក្នុងសង្គ្រាម ហើយត្រូវបាន​បញ្ជូន​មកពី​កំពង់ផែ និងមូលដ្ឋានទ័ពជើងទឹក​អាមេរិកនៅលើកោះ Pearl Harbor របស់រដ្ឋ Hawaii មកសំចតនៅមូលដ្ឋាន​មួយក្នុងកំពង់ផែ​​ប៊ូសាន ចម្ងាយ៤៥០គីឡូម៉ែត្រ​នៃភាគខាងត្បូង​ទីក្រុងសេអ៊ូល។ យ៉ាងណាក៏ដោយ មន្ត្រីទ័ព​អាមេរិកមួយរូប​ដែលសុំមិនបញ្ចេញឈ្មោះ​បានបញ្ជាក់ថា «ការចូលចតនេះគ្រាន់តែ​ដើម្បីឲ្យកងកម្លាំងបាន​សម្រាក និងត្រួតពិនិត្យផ្នែកបច្ចេកទេស​លើនាវាមុជទឹកប៉ុណ្ណោះ ដោយមិនមែនជាការត្រៀមធ្វើសមយុទ្ធ​ណាមួយ ជាមួយកងទ័ពជើង​ទឹកកូរ៉េខាងត្បូងនោះឡើយ»។

គួរបញ្ជាក់ថា USS Cheyenne មានប្រវែងជាង ១១០ម៉ែត្រ អាចដឹកយោធា​បាន ១៣០នាក់ ហើយត្រូវបានបំពាក់​ជាមួយមីស៊ីលទំនើប Tomahawk ផងដែរ ដែលអាចបាញ់បានចម្ងាយ ៣,១០០គីឡូម៉ត្រ និងគ្រាប់មីស៊ីល Harpoon ដែលអាចបាញ់បានចម្ងាយ ១៣០គីឡូម៉ែត្រ។ USS Cheyenne ត្រូវបានផលិតនៅឆ្នាំ១៩៩៦ និងធ្លាប់បំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣៕