(អារ៉ាប៊ីសាអូឌីត)៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ បានសម្រេចបិទការិយាល័យសារព័ត៌មាន Al Jazeera ក្នុងប្រទេសរបស់ខ្លួន ដែលជាប៉ុស្តិ៍ព័ត៌មានដ៏មានឥទ្ធិពលរបស់ប្រទេសកាតា នៅប៉ុន្មានម៉ោងក្រោយពីអារ៉ាប៊ីសាអូឌីត និងប្រទេសមហាអំណាចដទៃទៀត នៅតំបន់អារ៉ាប់ បានកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយកាតា ដោយចោទប្រកាន់រដ្ឋាភិបាលទីក្រុងដូហា របស់កាតា ថា បានគាំទ្រដល់ក្រុមឧទ្ទាមឥស្លាម និងអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនាយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧នេះ។

រដ្ឋាភិបាលទីក្រុង រីយ៉ាដ របស់អារ៉ាប៊ីសាអូឌីត បានលើកឡើងថា សារព័ត៌មាន Al Jazeera គឺជាផ្នែកមួយដ៏សំខាន់ នៃរដ្ឋាភិបាលរបស់ប្រទេស កាតា ប៉ុន្តែថ្នាក់ដឹកនាំរបស់សារព័ត៌មាន Al Jazeera បានលើកឡើងថា ខ្លួនគឺជាភ្នាក់ងារសារព័ត៌មានឯករាជ្យ ដោយផ្តល់នូវព័ត៌មានទៅមនុស្សគ្រប់រូបនៅក្នុងតំបន់។

សូមជម្រាបថា ការសម្រេចបិទការិយាល័យសារព័ត៌មាន​ Al Jazeera ត្រូវបានប្រកាសឡើងដោយ ស្ថានីយទូរទស្សន៍រដ្ឋរបស់អារ៉ាប៊ីសាអូឌីត៕