(រីយ៉ាដ)៖ អគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (GACA) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត នាថ្ងៃចន្ទនេះ បាន​ចេញសេចក្តីថ្លែងការណ៍ ប្រកាស​ហាម​មិន​ឲ្យ​គ្រប់យន្ត​ហោះ​ទាំងអស់ របស់​​ប្រទេសកាតា ធ្វើការចុះចតនៅឯអាកាសយានដ្ឋាន ឬមួយក៏ធ្វើដំណើរហោះឆ្លងកាត់ ដែនអាកាសរបស់ខ្លួនទៀត​នោះ​ឡើយ បន្ទាប់ពីទីក្រុងរីយ៉ាដនិង​បណ្តាប្រទេសអារ៉ាប់មួយចំនួនទៀត បានសម្រេចផ្តាច់ទំនាក់ទំនងការទូតជាមួយកាតា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ​Reuters នៅយប់ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍ខាងលើ ការសម្រេចចិត្តនេះនឹងត្រូវអនុវត្តន៍ភ្លាមៗតែម្តង ហើយមានប្រសិទ្ធភាពទៅលើរាល់​យន្តហោះដឹកអ្នក​ដំណើរនឹង​យន្ត​ហោះឯកជនរបស់កាតា ដែលនឹងត្រូវហាមឃាត់មិនឲ្យហោះហើរឆ្លងកាត់ដែនអាកាសរបស់ អារ៉ាប៊ីសាអូឌីត ទៀតឡើយ។ ជាមួយគ្នានេះ GACA ក៏បាន​ឲ្យ​ដឹងបន្តទៀតថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ របស់រាជាណាចក្រអារ៉ាប់សាអូឌីតផ្ទាល់ ក៏គួរតែដាក់បំរាម​មិន​ឲ្យធ្វើប្រតិបត្តិការ ទៅកាន់ប្រទេសកាតា​ផង​ដែរ។

គួរបញ្ជាក់ថា វិធានការនេះ គឺជាផ្នែកមួយនៃការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត រួមជាមួយអេមីរ៉ាត់អារ៉ាប់រួម អេហ្ស៊ីប បារ៉ែន និងយ៉េមែន បានប្រកាសផ្តាច់​ទំនាក់ទំនងការទូតគ្រប់ទម្រង់ទាំងអស់ ជាមួយកាតា ដោយបានលើកយកហេតុផលថា ប្រទេសមួយនេះ ប្រើប្រាស់គោល​នយោបាយការបរទេស ដែល​ជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងជារដ្ឋដែលគាំទ្រក្រុមភេរវកម្ម ក៏ដូចជាក្រុម​ជ្រុលនិយម​ប្រដាប់​អាវុធ។ ហើយភ្លាមៗនោះ អាកាសចរណ៍​យក្ស Qatar Airway របស់ប្រទេសកាតា ក៏បានសម្រេចផ្អាករាល់ជើងហោះហើរទាំងអស់ ទៅកាន់អារ៉ាប៊ីសាអូឌីតផងដែរ និងបានចាត់ទុកថា​ ការ​សម្រេច​ចិត្ត​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូតនេះ គឺជារឿង​អយុត្តិធម៌ ព្រមទាំងមិនអាច​ទទួលយក​បានជាដាច់ខាត៕