(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង ជាពិសេសនោះគឺផ្ដោតសំខាន់លើការបែកបាក់ផ្ទៃក្នុង សម្ព័ន្ធអារ៉ាប់ ក្រោយប្រទេសអារ៉ាប់ជាច្រើនរួមទាំងអេហ្ស៊ីប ប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រចាំថ្ងៃ​នេះមាន អ្វីខ្លះសូមទស្សនា ដូចខាងក្រោម៖

១៖ ប្រទេស អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, អេហ្ស៊ីប បារ៉ែន និងយេមែន បានសម្រេចចិត្ត​កាត់ផ្ដាច់ទំនាក់ទំនង​ការទូត និងរាល់ទំនាក់ទំនង​ដែនទឹក និងអាកាស ជាមួយប្រទេសកាតា នៅថ្ងៃចន្ទនេះ ដោយចោទប្រកាន់ថាកាតា បានបង្កអស្ថេរភាពនៅក្នុងតំបន់ និងគាំទ្រក្រុមភេរវករ៕

២៖ រដ្ឋមន្រ្តីក្រសួង​ការបរទេសអាមេរិក លោក Rex Tillerson បាននិយាយជាថ្មីម្ដងទៀត នៅថ្ងៃចន្ទនេះថា ចិនគួរតែខិតខំប្រឹងប្រែងបន្ថែមទៀតតាមរយៈការដាក់ សម្ពាធឱ្យកាន់តែខ្លាំងលើ​កូរ៉េខាងជើង ដែលបាននិងកំពុងអភិវឌ្ឍន៍​កម្មវិធីមីស៊ីល​ផ្លោង-នុយក្លេអ៊ែរ​របស់ខ្លួន នៅក្នុងកម្រិត​យ៉ាងខ្លាំងក្លា ដោយមិនញញើត​នឹងការដាក់​សម្ពាធ​ពីអាមេរិក រួមទាំងទណ្ឌកម្មរបស់​អង្គការសហប្រជាជាតិ​។ ការថ្លែងបែបនេះរបស់លោក ធីលឺ្លសុន ធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានក្នុងទីក្រុងស៊ីដនី ប្រទេស អូស្ត្រាលី៕

៣៖ ខណៈដែលរដ្ឋាភិបាល​ហ្វីលីពីន កំពុងតែដឹកនាំប្រតិបត្តិការក្ដៅកម្ទេចក្រុមភេរវករ ដែលជាបណ្តាញ ISIS ឲ្យអស់ពីប្រទេស​នោះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីដែលចូលចិត្តការជេរប្រទេច បានអះអាងថា លោក​ត្រូវការតែអាវុធថ្មីៗ​បកពីកេសប៉ុណ្ណោះ ដើម្បីវាយកម្ទេចក្រុមភេរវករ ហើយថាលោកមិនត្រូវការនោះទេ នូវអាវុធ​មួយទឹកៗ​នាំចូលពីសហរដ្ឋអាមេរិក៕

៤៖ កូរ៉េខាងជើង បច្ចុប្បន្ន មិនមែនចេះត្រឹមតែបាញ់ផ្លោងមីស៊ីលប៉ុណ្ណោះទេ ដោយនាពេលថ្មីៗនេះ ក្រុមហ៊ុនរដ្ឋ​កូរ៉េខាងជើង Myohyang IT បានដាក់បង្អួត iPad ដំបូងផលិតក្នុងស្រុកដែលយកគំរូតាមផលិតផល Apple មានឈ្មោះថា iPad ឬ Ryonghung iPad។ iP​ad របស់ក្រុមហ៊ុន Apple Ryonghung iPad មាន CPU 1GHz, Ram 1 GB, អង្គចងចាំនៅក្នុង​ម៉ាស៊ីន 8GB, អាចដាក់អង្គចងចាំបន្ថែម 16GB ហើយមានអេក្រង់៨អ៊ីង និង​ទម្ងន់២៥០ក្រាម។ ប៉ុន្តែគួរឱ្យសា្ដយគឺថា ipad​ នេះទំនងជាមិននឹងត្រូវនាំចេញទៅក្រៅប្រទេសនោះទេ ខណៈកូរ៉េខាងជើង កំពុងជាប់ទណ្ឌកម្មជុំទិសពីអន្តរជាតិ៕

៥៖ នៅទីបំផុតក្រុម ISIS បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយ​ការវាយប្រហារដោយភេរវកម្មកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេសដែលបណ្ដាលឱ្យ មនុស្សយ៉ាងហោច​ណាស់ ០៧នាក់ស្លាប់ និងរបួស៤៨នាក់ រីឯជនសង្ស័យ​ជាភេរវករ ០៣នាក់ទៀត ត្រូវបាន​បាញ់សម្លាប់ ខណៈមនុស្ស១២នាក់ក៏ត្រូវបានចាប់ខ្លួន ផងដែរ នៅក្នុងប្រតិបត្តិការ​វាយឆ្មក់ពីរលើកដាច់​ដោយឡែក​ពីគ្នា នៅភាគខាងកើត​ទីក្រុងឡុងដ៍៕

៦៖ ប្រមុខដឹកនាំ​លេខមួយគ្មានពីររបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្គាប់ឲ្យ​កងទ័ពអាកាស​របស់ខ្លួនត្រៀមលក្ខណៈ​ដើម្បីបើកការ​វាយប្រហា​ទៅលើនាវា ដឹកយន្តហោះ​ចម្បាំង​របស់សត្រូវ ស្របពេលដែល​ក្រុមនាវាដឹក​យន្តហោះចម្បាំង​អាមេរិក បាននិងកំពុង​ធ្វើប្រតិបត្តិការ​នៅដែន​ទឹក​ក្បែរឧបទ្វីប​កូរ៉េ។ ប៉ុន្តែនេះមិនមែន ជាលើកទីមួយឡើយដែលកទីក្រុងព្យុងយ៉ាងធ្វើការព្រមានបែបនេះ៕