(តេហេរ៉ង់)៖ អ៉ឺរ៉ង់ដែលជា​សត្រូវចម្បងរបស់​អារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ​បានចេញមុខប្រដៅ ពិភពអារ៉ាប់​ថា ការសម្រេចចិត្ត​របស់បណ្ដាប្រទេស​ក្នុងឈូងសមុទ្រ (Gulf states) និងអេហ្ស៊ីប កាត់ផ្ដាច់ទំនាក់ទំនង​ការទូតជាមួយកាតា មិនអាចជួយអ្វីបាន​ឡើយ ហើយក៏មិនមែន​ជាមធ្យោបាយ​ដោះស្រាយវិបត្តិរុំារ៉ៃ នៅតំបន់មជ្ឈិមបូព៌ានោះដែរ។ ទន្ទឹមគ្នានោះទីក្រុងដូហា​ចាត់ទុកថា ការសម្រេចបែបនេះ​គឺជារឿងអយុត្តិធម៌​បំផុត។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

ប្រទេស អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន យ៉េមែន និងអេហ្ស៊ីប បានប្រកាសកាត់​ផ្ដាច់ទំនាក់ទំនង​ការទូតជាមួយកាតា ដោយចោទប្រកាន់​ត្រង់ៗ​តែម្ដងថា ទីក្រុងដូហា បានបង្កអស្ថេរភាព​នៅក្នុងតំបន់ និងគាំទ្រក្រុម​ភេរវករ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អនុប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៉ឺរ៉ង់ លោក Hamid Aboutalebi បានគូសបញ្ជាក់​នៅលើ Twitter​ ថា «ការសម្រេចចិត្ត​កាត់ផ្ដាច់ទំនាក់ទំនង​ការទូត និងបិទព្រំដែន​ជាមួយកាតា មិនមែនជាមធ្យោបាយ​ដោះស្រាយបញ្ហា​នោះទេ ហើយ បណ្ដាប្រទេស​ទំាងនេះ​ក៏គ្មានជំរើសអ្វីផ្សេង ក្រៅតែពីស្វែងរក​កិច្ចសន្ទនា​ឡើយ»។

គួរបញ្ជាក់ថា បើទោះជា​មិនបាននិយាយចំៗ​ក៏ដោយ ប៉ុន្តែ​លោក Hamid Aboutalebi ហាក់ដូចជា​បង្ហាញការយល់ឃើញថា ការបែកបាក់​នៅក្នុងចំណោម​បណ្ដារដ្ឋ​អារ៉ាប់នេះ គឺអាចបណ្ដាល​មកពីដំណើរ​ទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅ​អារ៉ាប៊ីសាអូឌីត កាលពីខែឧសភា​កន្លងទៅ។ «តើមានអ្វីកើត​ឡើងនៅក្រោយពិធីរាំច្រៀង (របស់ លោក ដូណាល់ ត្រាំនៅអារ៉ាប៊ីសាអូឌីត)។ នេះបើតាមលោក Hamid Aboutalebi៕