(យ៉េមែន)៖ សូម្បីតែប្រទេសយ៉េមែន ដែលកំពុងតែវីវក់នឹងសង្គ្រាមបែកបាក់ផ្ទៃក្នុងនោះ ក៏បានប្រកាសផងដែរ​ថា ខ្លូនសូមផ្តាច់ទំនាក់ទំនងការទូត ជាមួយនឹងប្រទេសកាតា ដែលជាក្រុមប្រទេស​អារ៉ាប់ និងស្ថិតក្នុងបណ្តារដ្ឋឈូងសមុទ្រ (Gulf states) ដូចគ្នានោះ។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសយ៉េមែនតែម្តង ដោយវាបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសសម្ព័ន្ធមិត្តនានាដូចជា អារ៉ាប៊ីសាអូឌីត, បារ៉ែន, អេហ្ស៊ីប និងអេមីរ៉ាត់អារ៉ាប់រួមជាដើម បានសម្រេចផ្តាច់ទំនាក់ទំនងទាំងស្រុង គ្រប់ទម្រង់​ជាមួយ​ប្រទេសកាតា ដោយសារតែប្រទេសអារ៉ាប៊ីសាអូឌីតបានរកឃើញថា កាតាបានគាំទ្រដល់ពួកភេរវករ និងលួចឧបត្ថម្ភក្រុមជ្រុលនិយមនានា ដែលមានសម្ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។

បន្ថែមពីការកាត់ផ្តាច់ចំណងការទូតនេះ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត ក៏បានកាត់ផ្តាច់ទំនាក់ទំនងរវាងព្រំដែនទឹកដី អាកាស និងសមុទ្រ ជាមួយកាតាថែមទៀត៕