(ស៊ីដនី)៖ រដ្ឋមន្រ្តីក្រសួង​ការបរទេសអាមេរិក លោក Rex Tillerson បានថ្លែងនៅ​ថ្ងៃចន្ទនេះថា ប្រទេសចិនគួរតែខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ទាក់ទិននឹងបញ្ហា​​នៃប្រទេស​កូរ៉េខាងជើង ដែលបាន និងកំពុងអភិវឌ្ឍន៍​កម្មវិធីមីស៊ីល​ផ្លោង-នុយក្លេអ៊ែរ​របស់ខ្លួន នៅក្នុងកម្រិត​យ៉ាងខ្លាំងក្លា ដោយមិនញញើត​នឹងការដាក់​សម្ពាធ​ពីអាមេរិក រួមទាំងទណ្ឌកម្មរបស់​អង្គការសហប្រជាជាតិ​ សូម្បីតែបន្តិចឡើយ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​ក្រុមអ្នក​សារព័ត៌មាននៅឯទីក្រុង​ស៊ីដនី ក្រោយពីកិច្ចជួប​ពិភាក្សាការងារ​ រវាងរដ្ឋមន្រ្តីការបរទេស និងការពារជាតិអាមេរិក-អូស្រ្តាលី លោក Tillerson បានលើក​ឡើងថា «ចិន និងដៃគូក្នុងតំបន់​ដទៃៗទៀត គួរតែបង្កើនកិច្ច​ខិតខំប្រឹងប្រែង​របស់ពួកគេ ដើម្បីជួយដោះស្រាយ​ស្ថានការណ៍​សន្តិសុខ​ដ៏តានតឹងនេះ ដែលមិនត្រឹម​កំពុងបង្កការគំរាមកំហែង​ក្នុងតំបន់ប៉ុណ្ណោះទេ តែព្រមទាំងបង្កគ្រោះថ្នាក់ដល់​ពិភពលោកទាំងមូល​ថែមទៀតផង»

លោករដ្ឋមន្រ្តី​ការបរទេស​អាមេរិកបាន​បន្តថា «យើងចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយចិន ប៉ុន្តែយើងមិន​អាចអនុញ្ញាតឲ្យ​ទីក្រុងប៉េកាំង ប្រើប្រាស់អំណាច​សេដ្ឋកិច្ច​របស់ខ្លួន យក​មកបាំងការ​ដោះស្រាយបញ្ហាផ្សេងៗ​ឡើយ មិនថា ការបំពាក់សព្វាវុធ​នៅតាម​ប្រជុំកោះ ក្នុងតំបន់សមុទ្រ​ចិនខាងត្បូង ឬមួយក៏ការបរាជ័យ​ក្នុងការដាក់សម្ពាធ​​ ក្នុង​កម្រិត​ដ៏សក្តិសម​ទៅលើកូរ៉េខាងជើង​នោះឡើយ​​»។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង​បានក្លាយជាបញ្ហា​ផ្នែកសន្តិសុខ​ដ៏ចម្បង សម្រាប់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង​បានប្តេជ្ញាថា នឹងបង្កើនល្បឿន​កម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែរ​របស់ខ្លួន ហើយ​បន្តអភិវឌ្ឍន៍​មីស៊ីលផ្លោង​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែលមានសមត្ថភាព​បាញ់ដល់​ទឹកដី​សហរដ្ឋអាមេរិក។ ជុំវិញបញ្ហានេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិងកំពុង​ជំរិតឲ្យចិន ​ធ្វើការគ្រប់គ្រងក៏ដូចជា​ទប់ស្កាត់​អ្នក​ក្បែរ​ខាង​ដ៏រឹងទទឹង​របស់ខ្លួននេះ ឲ្យ​បានជាបន្ទាន់ ខណៈទីក្រុងប៉េកាំង​បានលើកឡើងថា តួនាទីសម្រាប់​ទប់ស្កាត់​កូរ៉េខាងជើង គឺមិនមែនជាបន្ទុករបស់ខ្លួន​​តែឯងនោះឡើយ៕