(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំ​កំពូលផុតលេខ​នៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្គាប់ឲ្យ​កងទ័ពអាកាស​របស់ខ្លួន ត្រៀមលក្ខណៈ​ដើម្បីបើកការ​វាយប្រហារ​ទៅលើនាវាដឹកយន្តហោះ​ចម្បាំង​របស់សត្រូវ ស្របពេលដែល​ក្រុមនាវាដឹក​យន្តហោះចម្បាំង​អាមេរិក បាននិងកំពុង​ធ្វើប្រតិបត្តិការ​នៅដែន​ទឹក​ក្បែរឧបទ្វីប​កូរ៉េ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

ក្រោមវត្តមាន​របស់លោក គីម ជុងអ៊ុន ព្រឹត្តិការណ៍​ប្រកួតប្រជែង​ការហោះហើរ នៅក្នុងចំណោម​អាកាសយានិក​កំពូលៗ របស់កងទ័ពអាកាស​​កូរ៉េ​ខាង​ជើង ​ត្រូវបានធ្វើឡើង ក្នុងគោលបំណង​ហ្វឹកហាត់​អាកាសយា​និក​ដ៏ឆ្នើមៗរបស់ខ្លួន ឲ្យមានសមត្ថភាព​កាន់តែខ្លាំងក្លា ដែលអាចធ្វើការ​កម្ទេចរាល់គោលដៅទាំង​អស់ រួមទាំងនាវា​ផ្ទុកយន្តហោះ​ចម្បាំង​របស់សត្រូវ​ថែមទៀតផង។ នេះបើតាម​សេចក្តីរាយការណ៍​របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលមិនបាន​​បញ្ជាក់​ពីកាលបរិច្ឆេទ​នៃព្រឹត្តិការណ៍​នេះឡើយ។

គួរបញ្ជាក់ថា ជាមួយគ្នានេះ​សហរដ្ឋអាមេរិក កំពុងតែបង្កើន​ការធ្វើសមយុទ្ធជើងទឹក​បន្ថែមទៀត ជាមួយកូរ៉េខាងត្បូង ដោយមានការចូលរួមពី​សំណាក់​នាវា​ដឹក​យន្តហោះចម្បាំង USS Carl Vinson ផងដែរ ហើយសរុបមក អាមេរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំងបីគ្រឿងហើយ មកកាន់ឧបទ្វីបកូរ៉េ ដើម្បីកំញើញ​ប្រទេសកូរ៉េខាងជើង និងការពារសម្ព័ន្ធមិត្តរបស់ខ្លួន៕