(សេអ៊ូល)៖ កូរ៉េខាងត្បូង​កំពុងសាកសួរជនជាតិ​កូរ៉េខាងជើង០៤នាក់ ដែលត្រូវបានជួយសង្រ្គោះ​ពីតំបន់សមុទ្រ​ខាងកើត ហើយថា​​នឹងបញ្ជូនពួកគេ​ត្រឡប់ទៅកាន់ ទីក្រុងព្យុងយ៉ាងវិញ បើសិនជាពួកគេចង់។ នេះបើតាម​ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម​ក្រសួងខាងលើដដែល​ ជនជាតិកូរ៉េខាងជើង​ទំាង០៤នាក់ខាងលើ ត្រូវបានជួយ​សង្រ្គោះនៅលើ​ទូកនេសាទ ០២គ្រឿង កាលពី​ថ្ងៃសុក្រ និង​ថ្ងៃសៅរ៍សប្ដាហ៍មុន ដោយកងនាវា​កូរ៉េខាងត្បូង ហើយមកទល់​ពេលនេះ​ ពួកគេកំពុងស្ថិត​នៅក្រោមការ​ស៊ើបអង្កេត និងសាកសួរថា តើពួកគេចង់​ត្រឡប់ទៅ​កាន់កូរ៉េខាង​ជើងវិញ ឬក៏យ៉ាងណា។ មួយវិញទៀត​ការជួយសង្រ្គោះនេះ ធ្វើឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​ទីក្រុងសេអ៊ូល បញ្ជូនអ្នកនេសាទ​កូរ៉េខាងជើង​០៦នាក់ ត្រឡប់ទៅ​ទីក្រុងព្យុងយ៉ាង ក្រោយពួកគេត្រូវ​បានជួយសង្រ្គោះ​ ចេញពីទូករបស់ពួកគេដែល​បានវង្វេង។

គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាព​នៅលើឧបទ្វីបកូរ៉េ នៅតែបន្តស្ថិត​ក្នុងសភាពប្រកាស​សង្រ្គាមជានិច្ច ត្បិតកូរ៉េខាងត្បូង និងកូរ៉េខាងជើង​បានចុះត្រឹមតែ​កិច្ចព្រមព្រៀង ឈប់បាញ់ប៉ុណ្ណោះ​ក្រោយសង្រ្គាមកូរ៉េ​បញ្ចប់នៅ​ឆ្នាំ១៩៥៣ ពោលគឺមិនមែន​ជាសន្ធិសញ្ញាសន្តិភាព​អ្វីនោះទេ។ ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលកូរ៉េខាងត្បូង តែងតែ​លើកទឹកចិត្តឱ្យ​ប្រជាជន​កូរ៉េខាងជើង រត់ភៀសខ្លួនមកកាន់​កូរ៉េខាងត្បូង ដោយថែមទំាងអះ​អាងថា នឹងផ្ដល់ជីវិតថ្មី​ដល់ពួកគេ ហើយបើអ្នកណារត់​មកជាមួយឯកសារ សម្ងាត់នៃរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង ឬសព្វាវុធនោះ ពួកគេនឹងទទួល​បានរង្វាន់ជាប្រាក់​ទៀតផង៕