(ហ្វីលីពីន)៖ ខណៈដែលរដ្ឋាភិបាល​ហ្វីលីពីន កំពុងតែកញ្ជ្រោល​ចង់កម្ទេចក្រុមភេរវករ ដែលជាបណ្តាញ ISIS ឲ្យអស់ពីប្រទេស​នោះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីចូលចិត្តការជេរប្រទេច បានអះអាងថា លោក​ត្រូវការតែអាវុធថ្មីៗ​បកពីកេសប៉ុណ្ណោះ ដើម្បីវាយកម្ទេចក្រុមភេរវករ ហើយលោកមិនត្រូវការនោះទេ នូវអាវុធ​មួយទឹកៗ​នាំចូលពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

លោក ឌូតឺតេ បានលើកឡើង​កាលពីចុងសប្តាហ៍មុននេះ​យ៉ាងដូច្នេះថា «ខ្ញុំមិនអាចទទួលយក សព្វាវុធយោធា​មួយទឹកៗបន្តទៀត​នោះឡើយ។ ខ្ញុំមិនចង់បានអាវុធ ដែលនាំចូលពីអាមេរិកទៀតទេ។ អំឡុងពេលដែល​ខ្ញុំកាន់អំណាច ខ្ញុំមិនទទួលយកនាវាចម្បាំង ដែលគេធ្លាប់ប្រើហើយជាដាច់ខាត។ វាត្រូវតែជារបស់ថ្មីសន្លាង»។ ការថ្លែងរបស់​លោក ឌូតឺតេ នេះគឺនៅចំពោះមុខ កងកម្លាំងយោធានៅកោះមីនដាណាវ ភាគខាងត្បូងប្រទេស ជាទីដែល​កម្លាំងរដ្ឋាភិបាល​កំពុងតែប្រយុទ្ធគ្នា​យ៉ាងក្តៅគគុក ជាមួយក្រុមឧទ្ទាមដែលមាន​ទំនោរគាំទ្រ ISIS។

បន្ថែមពីនេះទៀត លោក ឌូតឺតេ នៅបានសង្កត់ធ្ងន់ថា ទោះបីជាវុធថ្មីៗនោះ តម្រូវឲ្យលោកបង់ថ្លៃលើស​មុន​ទ្វេដងក៏ដោយ ក៏លោកនៅតែទិញវាដែរ។ គួរបញ្ជាក់ថា លោក ឌូតឺតេ ធ្លាប់បានបង្ហាញពីគោលជំហរទិញ​អាវុធពីរុស្ស៊ី និងចិន ជំនួសឲ្យការទិញពីអាមេរិករាប់ទសវត្សរ៍មកនេះ ដើម្បីសមស្របទៅតាមគោល​នយោបាយ ប្រឆាំង​សហរដ្ឋ​អាមេរិករបស់បុរសខ្លាំងរូបនេះ ដែលអន្តរជាតិកំពុងចាប់អារម្មណ៍។ ជុំវិញបញ្ហានេះ ប្រទេសរុស្ស៊ីក៏ធ្លាប់បាន​សន្យាផងដែរថា នឹងធ្វើការបញ្ចុះថ្លៃ ឬផ្តល់ប្រូម៉ូសិនពិសេស ប្រសិនបើលោក ឌូតឺតេ បញ្ជាទិញអាវុធណាមួយពីរុស្ស៊ីនោះ៕