(បារ៉ែន)៖ យោងតាមក្រសួងការ​បរទេសបារ៉ែន ប្រជាជនកាតា​ត្រូវតែចាកចេញពី ប្រទេសបារ៉ែន​ក្នុងរយៈពេល ០២សប្ដាហ៍ ហើយការធ្វើចរាចរណ៍​តាមផ្លូវអាកាស និង ដែនទឹក​រវាងប្រទេសទំាងពីរ​ត្រូវលុបចោល ខណៈរាល់បេសកម្មការទូត​ទំាងអស់ របស់កាតាត្រូវ​ដកចេញពីបារ៉ែនក្នុង រយៈពេល​៤៨ម៉ោង រីឯបេសកកម្មការទូត​របស់បារ៉ែន ក៏ត្រូវចាកចេញពី​កាតា សម្រាប់រយៈពេល​ដូចគ្នានេះដែរ។ នេះបើតាមការ​ចេញផ្សាយដោយ The Guardian នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ​សារព័ត៌មាន​នៅក្នុងស្រុក ផ្អែកលើការបញ្ជាក់ពី​ក្រុមមន្ត្រី អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ទីក្រុងរីយ៉ាត​បានសម្រេចចិត្ត​កាត់ផ្ដាច់ទំនាក់ទំនង​ការទូត និងស្ថានកុងស៊ុលជាមួយកាតា ក្រោមហេតុផលនៃ​ការអនុវត្ត​សិទ្ធិអធិបតេយ្យភាព ដែលធានា​ដោយច្បាប់អន្តរជាតិ និងការពារសន្តិសុខជាតិ​ពីគ្រោះថ្នាក់បង្ក​ឡើងដោយ ក្រុមភេរវករ និងសកម្មភាពជ្រុលនិយម។

ក្រៅពីប្រទេស អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប បារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម ក៏បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនង ការទូតជាមួយកាតាផងដែរ ដោយចោទថាទីក្រុងដូហាបានបង្កអស្ថិរភាព​នៅក្នុងតំបន់ ក៏ដូចជាគំាទ្រក្រុមភេរវករ និងលូកដៃក្នុងកិច្ច​រដ្ឋនៃប្រទេស​របស់ពួកគេ។ តែយ៉ាងណា​ក៏ដោយរដ្ឋាភិបាលកាតា ពុំទាន់ធ្វើការ​អត្ថាធិប្បាយ ឬបញ្ចេញប្រតិកម្ម​អ្វីនោះទេ។

គួរំលឹកថា កាលពីឆ្នាំ២០១៤ ប្រទេស អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែន ក៏ធ្លាប់កោះហៅ​អគ្គរដ្ឋទូតរបស់ពួកគេ​ប្រចាំទីក្រុងដូហា ត្រឡប់មកស្រុកវិញ​ផងដែរ ដោយនៅកាលនោះ​ប្រទេស ក្នុងតំបន់​ឈូងសមុទ្រហ្គូល​ទំាងបី​បានចោទថា កាតា មានសម្ព័ន្ធភាព​ជាមួយក្រុម​ភារតភាពមូស្លីម (Muslim Brotherhood​) ក្រោយការ​ផ្ដួលរំលំប្រមុខរដ្ឋ​អេហ្ស៊ីប លោក មហាម៉ាត់ ម៉ូស៊ី៕