​(តូក្យូ)៖ ប្រជាជនជប៉ុន​រស់នៅតាមតំបន់ក្បែរព្រំដែនកូរ៉េខាងជើង បាននាំគ្នាចូលរួមក្នុងលំហាត់ជម្លៀសខ្លួន ដើម្បីការពារសុវត្ថិភាព​ខ្លួនឯង នៅក្នុងករណី​មានការវាយប្រហារជាយថា​ហេតុណាមួយ​ ពីសំណាក់កូរ៉េខាងជើង ដែលចេះតែបន្ត​បាញ់សាកល្បង​មីស៊ីលឥត​ឈប់ឈរ ធ្លាក់ចូលក្នុងដែនទឹក​សេដ្ឋកិច្ចផ្ដាច់មុខ​របស់ជប៉ុន នៅឯសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ​ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

ប្រឈមមុខនឹង​ការគំរាមកំហែង​កាន់តែខ្លាំងពីកូរ៉េខាងជើង រដ្ឋាភិបាលទីក្រុងតូក្យូ បានបញ្ជាឱ្យក្រុមអាជ្ញាធរ​ក្នុងភូមិ Abu​ ស្ថិតនៅចំងាយ​ប្រមាណ ៨០៤គីឡូម៉ែត​ពីទីក្រុងព្យុងយ៉ាង ដឹកនាំប្រជាជន​ទាំងចាស់​ទំាងក្មេង ធ្វើសមយុទ្ធជម្លៀសខ្លួន​ពីគ្រាប់មីស៊ីល​កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែវាមិនមែន​ជាលើកទីមួយនោះទេ ដែលអាជ្ញាធរ​ជប៉ុនធ្វើសមយុទ្ធ​របៀបនេះ ស្របពេល​ទីក្រុងព្យុងយ៉ាង ប្រកាសបន្ត​អភិវឌ្ឍន៍ និងបាញ់សាកល្បង​មីស៊ីល​រហូតដល់សម្រេចគោល​ដៅ​របស់ខ្លួន ក្លាយជា រដ្ឋនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ការជ្រើសរើស​ភូមិ Abu ដើម្បីដឹកនាំ​ការធ្វើសមយុទ្ធ​ជម្លៀសខ្លួន ដោយសារតែ​ភូមិមួយនេះ ស្ថិតនៅជិតនឹង​តំបន់ឧបទ្វីបកូរ៉េ ហើយយោធាជប៉ុនក៏បាន​គណនាដែលថា បើសិនជាសង្រ្គាមជាមួយ​​កូរ៉េខាងជើង​ផ្ទុះឡើងមែននោះ ប្រជាជនជប៉ុន​ក្នុងភូមិស្ថិតនៅ​ភាគអាគ្នេយ៍ប្រទេស​ជប៉ុនមួយនេះ មានពេលត្រឹមតែ​១០នាទី ប៉ុណ្ណោះដើម្បី​រត់គេចខ្លួន៕​