(រីយ៉ាដ)៖ ប្រទេស អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, អេហ្ស៊ីប និងបារ៉ែន បានសម្រេចចិត្ត​កាត់ផ្ដាច់ទំនាក់ទំនង​ការទូត និងរាល់ទំនាក់ទំនង​ដែនទឹក និងអាកាស ជាមួយប្រទេសកាតា នៅថ្ងៃចន្ទនេះដោយទីក្រុងរីយ៉ាដ អះអាងថា ការធ្វើបែបនេះគឺជារឿង​ចាំបាច់ ដើម្បីការពារប្រទេស​របស់ខ្លួន​ពីភេរវកម្ម និងសកម្មភាព​ជ្រុលនិយម។ នេះបើតាមការ​ចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ​សារព័ត៌មាន​នៅក្នុងស្រុក ផ្អែកលើការបញ្ជាក់​ពីក្រុមមន្ត្រី អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ទីក្រុងរីយ៉ាដ​ បានសម្រេចចិត្តកាត់ផ្ដាច់​ទំនាក់ទំនងការទូត និងស្ថានកុងស៊ុលជាមួយប្រទេសកាតា ក្រោមហេតុផល​នៃការអនុវត្ត​សិទ្ធិអធិបតេយ្យភាព ដែលធានា​ដោយច្បាប់អន្តរជាតិ និងការពារសន្តិសុខជាតិ​ពីគ្រោះថ្នាក់បង្ក​ឡើងដោយ ក្រុមភេរវករ និងសកម្មភាព​ជ្រុលនិយម។ សកម្មភាពថ្មីៗនេះ កើតឡើងក្រោយ​ពេលដែលប្រទេស អេហ្ស៊ីប បានធ្វើការចោទប្រកាន់ថា កាតា​ជាប្រទេសដែលគាំទ្រអំពើភេរវកម្ម៕