(ព្យុងយ៉ាង)៖ បើទោះជាកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចជុំទិស ពីអន្តរជាតិក៏ដោយ តែកូរ៉េខាងជើងនា​ពេលថ្មីៗនេះ បានបង្កឱ្យ​ពិភពលោកមានការ​ភ្ញាក់ផ្អើល​សាជាថ្មី តាម រយៈការ​ដាក់តាំងបង្ហាញ​បច្ចេកវិទ្យា iPad ដ៏អស្ចារ្យរបស់​ខ្លួនផលិតនៅក្នុងស្រុក នៅលើ​ទស្សនាវដ្ដី Foreign Trade ដោយយកគំរូ​តាមផលិតផល​ក្រុមហ៊ុនអាមេរិក Apple មានឈ្មោះថា iPad ឬ Ryonghung iPad។ នេះបើតាម​ការចេញផ្សាយ​ដោយគេហទំព័រ Engadget ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។

យោងតាមគេហទំព័រ Engadget T​ablet Ryonghung iPad របស់ក្រុមហ៊ុនរដ្ឋ​កូរ៉េខាងជើង Myohyang IT មានមុខងារស្ដុកទុក​ទិន្នន័យ ក៏ដូចជាអានព័ត៌មាន ឬឯកសារឌីជីថល ហើយមិនតែប៉ុណ្ណោះ T​ablet នេះថែមទាំងមានបំពាក់កម្មវិធី​ការិយាល័យ ព្រមទាំងអាចធ្វើ​តេស្ដរោគវិនិច្ឆ័យជំងឺរហូតដល់ ១,២០០ប្រភេទ និងមានកម្មវិធី​ច្រើនជាង៤០ ទៀតផង ។ ជាងនេះទៅទៀត ក្រៅតែពីមានរូបរាង និងកម្មវិធីសឹងតែដូចគ្នានឹង iP​ad របស់ក្រុមហ៊ុន Apple Ryonghung iPad មាន CPU 1GHz, Ram 1 GB, អង្គចង ចាំនៅក្នុង​ម៉ាស៊ីន 8GB, អាចដាក់អង្គចងចាំបន្ថែម 16GB ហើយមានអេក្រង់៨អ៊ីង និង​ទម្ងន់២៥០ក្រាម។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលកូរ៉េខាងជើង ចម្លងបចេ្ចកវិទ្យារបស់ក្រុមហ៊ុន Apple ពោលគឺកាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាង ក៏ធ្លាប់បានចម្លង បច្ចេកវិទ្យា Linux និង Mac OS X ផងដែរ ប៉ុន្តែខាងក្រុមហ៊ុន Apple ពុំទាន់មានប្រតិកម្មអ្វីនោះទេ៕