(សិង្ហបុរី)៖ រដ្ឋាភិបាល និងប្រជាជនចិន​ជំទាស់ដាច់ខាត ចំពោះការលក់សព្វាវុធ​របស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់។ នេះបើតាមសម្តី​មន្រ្តី​យោ​ធា​​ជាន់​ខ្ពស់ចិនមួយរូប ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះ​ គឺជាការឆ្លើយតបរបស់ចិន បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក Jims Mattis បានថ្លែងពាក់ព័ន្ធនឹង​បញ្ហាកោះតៃវ៉ាន់ នៅក្នុងការ​​ធ្វើសុន្ទរកថា​របស់លោក នាអំឡុងកិច្ចប្រជុំ Shangri-La ដែលបានបើកចាប់ផ្តើម​នៅឯប្រទេសសិង្ហបុរី កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើ មន្រ្តីយោធាជាន់ខ្ពស់ មន្រ្តីការទូត និងអ្នកជំនាញជាច្រើនរូប មកពីបណ្តាប្រទេសក្នុងតំបន់ រួម​ទាំង​សហ​រដ្ឋ​អា​មេ​រិក​ និង​ចិនផងដែរនោះ បាននិងកំពុងតែធ្វើ​ការ​ជជែកពិភាក្សាគ្នា​អំពីបញ្ហាសំខាន់ៗ​មួយចំនួន រួមមានអាវុធ​នុយក្លេអ៊ែរ កិច្ចសហប្រតិបត្តិការ​សន្តិសុខ រួមទាំង​វិធានការដើម្បី​បញ្ចៀសបញ្ហាជម្លោះនានាផងដែរ។ នៅក្នុងវេទិកានោះ គេសង្កេតឃើញថា សហរដ្ឋអាមេរិក​បានធ្វើការវាយប្រហារចិនជាច្រើនបញ្ហា ជាពិសេសជម្លោះសមុទ្រចិនខាងត្បូង៕