(វ៉ាស៊ីនតោន)៖ សាលកលវិទ្យាល័យ​បច្ចេកវិទ្យា Massachusetts (MIT) ដ៏ល្បីរបស់​សហរដ្ឋអាមេរិក បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានយល់ខុស​អំពី​​កម្មវីធីស្រាវជ្រាវ​ ផ្នែកអាកាសធាតុរបស់ខ្លួន ដើម្បីបញ្ជាក់​ពីភាពត្រឹមត្រូវនៃការសម្រេចចិត្ត​របស់លោក ក្នុងការដកខ្លួនចេញពី​កិច្ចព្រមព្រៀងអាកាសធាតុ​​ទីក្រុងប៉ារីស។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងក្នុងអំឡុង​នៃការធ្វើសេចក្តីប្រកាស​ជុំវិញបញ្ហានេះ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី​អាមេរិក បានលើកឡើងថា «ទោះបីជាកិច្ចព្រមព្រៀង​​អាកាសធាតុ​ទីក្រុងប៉ារីស ត្រូវបានអនុវត្តន៍​យ៉ាងខ្ជាប់ខ្ជួន និងពេញលេញទាំងស្រុង ដោយគ្រប់ប្រជាជាតិ​ជាសមាជិក​យ៉ាងណាក្តី វានឹងមិនអាច​ជួយ​កាត់​បន្ថយ​​ការកើនឡើង​ សីតុណ្ហភាពសកល បាននោះច្រើនគួរ​ឲ្យកត់សម្គាល់​នោះឡើយ»

យោងតាមសេចក្តីថ្លែងការណ៍​មួយរបស់ MIT ​លោក ដូណាល់ ត្រាំ បានសំដៅទៅលើ​ការវិភាគមួយ ដែលទទួលបានពី​កម្មវិធីស្រាវជ្រាវ​ ស្តីពីគោលការណ៍ និងវិទ្យាសាស្រ្តនៃ​ការប្រែប្រួលសកល របស់សាកល​វិទ្យាល័យ ​ក៏​ប៉ុន្តែការយល់ឃើញ​ និងបកស្រាយអត្ថន័យ​របស់លោក គឺមានភាពធ្វើ​ឲ្យភ័ន្តច្រឡំ។

សាកលវិទ្យាល័យ MIT បានបញ្ជាក់ថា «អត្រា០.២អង្សាសេ ដែលជាការឆ្លុះបញ្ចាំង​ពីឥទ្ធិពល នៃកិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុងប៉ារីសនេះ ពិត​ជា​តិចតួច​​ស្តួច​ស្តើងមែន តែបើយើងយក​វាទៅប្រៀបធៀបជាមួយនឹង ការដែលពុំមាន​​គោល​ការណ៍​អាកាស​ធាតុ​អ្វីទាំងអស់​វិញនោះ យើងនឹងឃើញថា ​កម្រិតនៃការ​​ថយ​ចុះ​​​សី​តុណ្ហ​ភាព​​​នេះ ពិត​ជាមានទំហំ​​ធំ​ធេងណាស់។ វានឹងជាការ​កាត់បន្ថយគួរឲ្យ​កត់សម្គាល់មួយ នៅក្នុងការកើនឡើង​នៃកម្តៅភពផែនដី ទោះ​បី​ជា​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​​បន្ថែម​ត្រូវតែធ្វើឡើង បើសិនជាពិភពលោក​ចង់សម្រេច​គោលដៅ នៃការដាក់កំហិត​ទៅលើការកើនឡើង​សីតុណ្ហភាព ឲ្យ​នៅ​ត្រឹម​​០២អង្សា​សេ និងតិច​ជាងនេះ​ក៏ដោយ»

គួរបញ្ជាក់ថា តាមរយៈការប្រកាស​ដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង​អាកាសធាតុទីក្រុងប៉ារីស លោក ដូណាល់ ត្រាំ បានធ្វើតាមការ​សន្យាកាលពី​អំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោតរបស់លោក ក៏ប៉ុន្តែស្របពេល​ជាមួយគ្នា បានបង្កឲ្យមានការរិះគន់ និងខកចិត្តយ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានទាំងក្នុង​និងក្រៅប្រទេស សូម្បីតែបណ្តាសម្ព័ន្ធមិត្តធំៗរបស់អាមេរិក៕