(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ ទោះបីជាមានតែម្នាក់គត់​ក៏ដោយនោះ បានធ្វើការថ្កោលទោស​ចំពោះសហរដ្ឋអាមេរិក​ជាថ្មីម្តងទៀត ជុំវិញការ​ធ្វើតេស្តបាញ់​ទម្លាក់មីស៊ីលផ្លោង ICBM របស់ទី​ក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។

អ្នកនាំពាក្យរបស់កងទ័ព​កូរ៉េខាងជើង បានថ្លែងប្រាប់ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់រដ្ឋាភិបាល​ខ្លួនថា «ការធ្វើតេស្តបាញ់ទម្លាក់ ឬស្ទាក់គ្រាប់​មីស៊ីលផ្លោង​នេះ គឺជាសកម្មភាព​បង្កហេតុផ្នែកយោធា​ដ៏ធ្ងន់ធ្ងរមួយ​ផ្សេងទៀត ដែលលាតត្រដាង​ឲ្យឃើញជាក់​ស្តែង ពីមហិច្ឆតាព្រៃ របស់ពួកចក្រពត្តិអាមេរិក ដែល​តែង​​តែ​ប៉ុនប៉ងចង់​បង្កាត់ភ្លើងសង្រ្គាម​នុយក្លេអ៊ែរ»។

មួយវិញទៀត​នាពេលថ្មីៗនេះ អ្នកនាំពាក្យ​នៃគណៈកម្មាធិការសន្តិភាព​កូរ៉េអាស៊ីប៉ាស៊ីហ្វិក ក៏បានចេញ​សេចក្តី​ថ្លែង​ការណ៍ ថ្កោលទោសការធ្វើតេស្តបាញ់​ទម្លាក់មីស៊ីល ICBM របស់សហរដ្ឋអាមេរិក​ផងដែរ ដោយបាន​លើកឡើងថា វាគឺជាទង្វើប្រកប​​ដោយ​ហា​និភ័យ​មួយ ប្រឆាំងនឹងកូរ៉េខាងជើង និងជាសកម្មភាព​ដុតរោលភាពតានតឹង​បន្ថែម នៅតំបន់ឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ​សប្តាហ៍នេះ សហរដ្ឋអាមេរិក​បានបាញ់មីស៊ីលមួយគ្រាប់ ចេញពីមូលដ្ឋាន​ទ័ពអាកាស Vandenverg នៅភាគកណ្តាល​រដ្ឋកាលី​ហ្វរញ៉ា ក្នុងការធ្វើតេស្ត​មួយ ដែលបានស្ទាក់ និងកម្ទេចគោលដៅ​ជាមីស៊ីលផ្លោង ICBM នៅលើមហាសមុទ្រ​ប៉ាស៊ីហ្វិក​ដោយជោគជ័យ។ មួយវិញទៀត​ ក៏មានសេចក្តីរាយការណ៍​ផងដែរថា កងទ័ពអាកាស​គ្រោងនឹងធ្វើតេស្តនេះ​សាជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០១៨​ខាងមុខ៕