(ព្រុចសែល)៖ ស្នងការទទួលបន្ទុក​បញ្ហាអាកាសធាតុ​របស់ សហភាពអឺរ៉ុប (EU) លោក Miguel Arias Canete បានថ្លែងថា កិច្ចព្រមព្រៀង​អាកាសធាតុ​​ទីក្រុង​ប៉ារីស មិនអាចធ្វើការចរចា​ឡើងវិញជាថ្មីម្តងទៀត ដូចការដែលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅពេល​រូបលោកប្រកាស​ដកខ្លួនចេញពី ​កិច្ចព្រមព្រៀងអន្តរជាតិ​នេះឡើយ។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់ក្រុម​អ្នកសារព័ត៌មាន នៅឯទីស្នាក់ការ​គណៈកម្មការអឺរ៉ុប លោក Canete បានប្រាប់ដូច្នេះថា «កិច្ចព្រមព្រៀងនេះ​ គឺត្រឹមត្រូវ និងសក្តិសមសម្រាប់​​គោលបំណង នៃការរចនាវាឡើងហើយ។ កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុងប៉ារីស តាំងពីដើមរហូត​មកត្រូវបានទទួលស្គាល់​ ក៏ដូចជាទទួលយកពី​សំណាក់​ប្រទេស​ហត្ថលេខី​ជិត ២០០ប្រទេស ដោយគ្មាន​បញ្ហាឡើយ ហើយមាត្រា ២៩ នៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីសនេះ មិនអាចធ្វើការចរចា​ឡើងវិញបាន​នោះទេ​»។

គួរបញ្ជាក់ថា កាលពី​ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅ​សហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងដកសហរដ្ឋអាមេរិក ចេញពីកិច្ច​ព្រមព្រៀង​អាកាសធាតុទីក្រុងប៉ារីស តែបានបញ្ជាក់ថា រដ្ឋបាលរបស់លោក នឹងចាប់ផ្តើមបើក​កិច្ចចរចាសាជាថ្មី ដើម្បីចូលរួមក្នុង​កិច្ចព្រមព្រៀងនេះ​ម្តងទៀត បើសិនជាវាមានតម្លាភាព​សម្រាប់ប្រទេស​របស់លោក ឬមួយក៏បង្កើត​កិច្ចព្រមព្រៀង​ថ្មីមួយផ្សេង។

យ៉ាង​ណា​មិញការប្រកាសនេះ បានបង្កជាការខ្វែងគំនិត​គ្នាជាខ្លាំង​នៅក្នុងសង្គមអាមេរិក​ទាំងមូល ហើយលោក Canete បានឲ្យដឹងថា EU នឹងស្វែងរកភាព​ជាដៃគូមួយ ជាមួយបណ្តាក្រុមហ៊ុន ឬរដ្ឋអាមេរិក​ទាំង​ឡាយណា ដែលនៅតែបន្ត​គាំទ្រកិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុងប៉ារីស ដើម្បីថែរក្សាការពារ​ភពផែនដី៕