(សាន់ ហ្វ្រាន់ស៊ីស្កូ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កក្រើក ដែលមានកម្រិតធ្ងន់រហូតដល់ ៦.៩នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារនៅតំបន់ឆ្នេរនៃប្រជុំកោះ Aleutia នៃរដ្ឋអាឡាស្កា ភាគពាយ័ព្យសហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី០២ ខែមិថុនា (ពេលវេលានៅអាមេរិក) ប៉ុន្តែគេនៅមិនទាន់ដឹងថា វាបានបង្កការខូចខាត ឬគ្រោះថ្នាក់ដល់មនុស្សណាម្នាក់​នោះឡើយ។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។

គ្រោះរញ្ជួយដីខាងលើបានកើតមានឡើង​ពីក្នុងជម្រៅដីតែ ៤.៣គីឡូម៉ែត្រប៉ុណ្ណោះ នៅក្នុងដែនសមុទ្រ Bering ដែលមានចម្ងាយ​ ២០៥គីឡូម៉ែត្រភាគខាងលិចស្ថានីយ៍ Attu នៃតំបន់ Census របស់ប្រជុំកោះ Aleutia ដែលមានមនុស្សរស់នៅតែ ២១នាក់ប៉ុណ្ណោះ (ស្ទើរតែទាំងអស់ ជាមន្ត្រីឆ្មាំការពារដែនកោះ និងសមុទ្រអាមេរិក)។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានអះអាងថា កម្លាំងញ័ររញ្ជួយខ្លាំងបែបនេះ វាប្រាកដណាស់ថា បានបង្កការខូចខាតទ្រព្យសម្បត្តិ ឬក៏គ្រោះថ្នាក់ដល់​មនុស្សជាក់ជាមិនខាន គ្រាន់តែគេមិនទាន់អាចបញ្ជាក់បាននៅឡើយទេពេលនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕