(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក Jims Mattis បានថ្លែងនៅថ្ងៃសៅរ៍នេះថា កូរ៉េខាងជើង និងកម្មវិធីនុយក្លេអ៊ែរ-មីស៊ីលផ្លោងរបស់រដ្ឋកុម្មុយ​និស្តមួយនេះ កំពុងបង្កការ​គំរាមកំហែង​ដល់មនុស្សគ្រប់គ្នា​ ក៏ដូចជាបណ្តាប្រទេស​ទាំងអស់នៅលើ​ពិភពលោក ហើយលោកបានអំពាវនាវ​ដល់សហគមន៍អន្តរជាតិ​ ឲ្យរួមសហការ និងសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហានេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន ABS-CBN នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងក្នុងកិច្ចប្រជុំកំពូល​ស្តិពីវិស័យ​ការពារជាតិ Shangri-La នៅឯប្រទេស​សិង្ហបុរី លោករដ្ឋមន្រ្តី​ការពារជាតិ​របស់​សហរដ្ឋអាមេរិក បានលើកឡើងទៀតថា «វាគឺជារឿងដ៏ចាំបាច់បំផុត ដែលយើងត្រូវតែចូលរួមចំណែក ដើម្បីបំពេញកាតព្វ​កិច្ចរៀងៗខ្លួន ហើយធ្វើការជាមួយគ្នា ដើម្បី​គាំទ្រ​ដល់​គោល​ដៅ​​រួម​​តែ​​មួយ​នៃការលុបបំបាត់​​អាវុធប្រល័យលោក នៅតំបន់ឧបទ្វីបកូរ៉េ»

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃចន្ទ​ដើមសប្តាហ៍នេះ បានធ្វើបាញ់​ធ្វើតេស្តមីស៊ីលផ្លោង​ថ្មីមួយផ្សេងទៀត ទោះបីជា​មានការដាក់ទណ្ឌកម្ម និង​ថ្កោល​ទោស​ជាបន្តបន្ទាប់យ៉ាងណាក្តី​ ហើយជាលទ្ធផល គឺក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានសម្រេចបញ្ចេញទណ្ឌកម្មបន្ថែម​ទៀត ទៅលើប្រទេសកូរ៉េខាងជើង ដោយក្នុងនោះបុគ្គលមួយចំនួន រួមជាមួយនិងក្រុមនានាក្នុងប្រទេសកុម្មុយនិស្ត​មួយនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ឆ្លើយតបទៅនឹងការបន្តធ្វើតេស្តបាញ់គ្រាប់មីស៊ីល ជាច្រើនលើក​ច្រើនសាររបស់ទីក្រុងព្យុងយ៉ាង ដោយមិនខ្វាយខ្វល់ពីច្បាប់អន្តរជាតិសូម្បីបន្តិច៕