(ប៊ែរឡាំង)៖ ព្រឹត្តិការណ៍ប្រគុំតន្រ្តីខ្នាតធំ Rock Am Ring នៅភាគខាងលិច​ប្រទេសអាល្លឺម៉ង់ បានជម្លៀសមនុស្សរាប់ម៉ឺននាក់​ចេញបន្ទាន់ ហើយ​ត្រូវ​បាន​ផ្អាក​​ជាបណ្តោះសិន បន្ទាប់ពីមាន​ការគំរាមកំហែង​ ថានឹងអាចមានការវាយប្រហារដោយភេរវកម្ម។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Independent នៅព្រឹក​​ថ្ងៃ​សៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។

កាលពីល្ងាច​ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាល្លឺម៉ង់) ក្រុមអ្នករៀបចំ​កម្មវិធី បានធ្វើការជម្លៀស​មនុស្ស និងផ្អាកព្រឹត្តិការណ៍​ជាបន្ទាន់ បន្ទាប់​ពី​ប៉ូ​លិស​​នៅ​ក្នុង​ទីក្រុង Koblenz ដែលនៅ​ក្បែរខាង​បានប្រាប់ថា ពួកគេទទួលបានព័ត៌មាន​ទាក់ទងនឹង គម្រោងវាយប្រហារ​ភេរវកម្ម។ ព្រឹត្តិការណ៍ប្រគុំតន្រ្តី​ប្រចាំឆ្នាំ​រយៈ​ពេល​បីថ្ងៃដ៏ធំរបស់​អាល្លឺម៉ង់នេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីអ្នកគាំទ្រ​ប្រមាណ ៩០,០០០នាក់ ក្នុងអំឡុងចុងសប្តាហ៍នេះ ដែលជាពេល​វេលាឈប់សម្រាក។ យ៉ាងណាមិញក្រុមអ្នករៀបចំ​ព្រឹត្តិការណ៍​បានសង្ឃឹមថា នឹងអាចបន្តកម្មវីធីនេះ​ឡើងវិញ នៅថ្ងៃសៅរ៍នេះ តាមការគ្រោងទុក។

គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង​បានស្ថិតនៅក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ ចាប់តាំងតែពីមានការវាយប្រហារ​ជាបន្តបន្ទាប់​មក​ កាលពីឆ្នាំ២០១៦កន្លងទៅ រួមទាំង​ករណីបើក​រថយន្តធុនធំ​បំបុកហ្វូងមនុស្ស នៅឯផ្សារ​រាត្រីបុណ្យណូអែល​មួយកន្លែង​ ក្នុងទីក្រុងប៊ែរឡាំង ដែលបានបន្សល់​ទុកជនរងគ្រោះ​១២នាក់ស្លាប់ និង​ជាច្រើននាក់ផ្សេង​ទៀតរងរបួស​យ៉ាងដំណំ៕