(សិង្ហបុរី)៖ ថ្លែងនៅក្នុងវេទិកាអន្តរជាតិស្តីពីសន្តិសុខ ដែលកំពុងប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរីនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជីម ម៉ាតទីស (Jims Mattis) បានធ្វើការវាយប្រហារទៅលើប្រទេសចិន​ចំៗ​តែម្តងថា ទីក្រុងប៉េកាំងកំពុងតែ​ប្រមាថមើលងាយ​ផលប្រយោជន៍ នៃប្រទេសនានា​ក្នុងតំបន់ តាមរយៈ​សកម្មភាពរបស់ខ្លួន​នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន ABS-CBN នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០១៧។  

កិច្ចប្រជុំកំពូលមួយ​មានឈ្មោះថា Shangri-La ត្រូវបានចូលរួមដោយ​បណ្តារដ្ឋមន្ត្រីការពារជាតិក្នុងតំបន់ ក្នុងនោះក៏​មានចិន និងអាមេរិក​ផងដែរ។ លោក ម៉ាតទីស បានសង្កត់ធ្ងន់​ក្នុងឱកាសនោះថា «វិសាលភាព និងផលប៉ះពាល់របស់​កម្មភាពកសាងសំណង់​នានារបស់ចិន នៅក្នុង​សមុទ្រចិនខាងត្បូង គឺវាខុសប្លែកពី​ប្រទេសនានា ដោយយោងលើកត្តាចម្បងៗមួយចំនួន។ ក្នុងនោះយើងសំដៅទៅលើ គោលដៅនៃការបង្កើន​ឥទ្ធិពលយោធា ដែលចិនកំពុងតែធ្វើផ្ទុយនឹងច្បាប់អន្តរជាតិ ហើយវាជាការប្រមាថមើលងាយ ទៅដល់ផលប្រយោជន៍ នៃប្រទេសនានាក្នុងតំបន់»

គួរបញ្ជាក់ថា ប្រទេសចិនបានអះអាងអធិបតេយ្យភាពស្ទើរតែទាំងស្រុង ទៅលើដែនកោះ និងផ្ទៃទឹក​នៅក្នុងតំបន់​​សមុទ្រចិនខាងត្បូង ដែលមានប្រទេស​មួយចំនួននៅអាស៊ីអាគ្នេយ៍ចូលរួម ក្នុងជម្លោះតវ៉ា​តទល់នឹងចិន​មានដូចជា ប្រទេសវៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ព្រុយណេ, ម៉ាឡេស៊ី, និងកោះតៃវ៉ាន់ផងដែរ។ ទោះបីជាបែបនេះ​ក្តី សហរដ្ឋអាមេរិក​ដែលមិនមែនជាប្រទេសក្នុងតំបន់នេះផង ត្រូវបានគេមើលឃើញថា តែងតែចូលរួមលូកដៃ​យ៉ាងជ្រៅ ចូលដោះស្រាយ​បញ្ហានេះដែរ៕