(ប៉ារីស)៖ ប្រធានាធិបតីបារាំង, អធិការបតីអាល្លឺម៉ង់, នាយករដ្ឋមន្ត្រីអូស្ត្រាលី, នាយករដ្ឋមន្ត្រីសិង្ហបុរី, ប្រទេសជប៉ុន, និងមេដឹកនាំអឺរ៉ុប ព្រមទាំងអាស៊ីមួយចំនួនទៀត បានសម្តែងការសោកស្តាយជាពន់​ពេក​ដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង​នៃបម្រែបម្រួលអាកាសធាតុ ដែលត្រូវបានចុះហត្ថលេខាដោយ លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៥ នៅទីក្រុងប៉ារីស។ នេះបើតាមការ​ចេញផ្សាយនៅមុននេះ​បន្តិច ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នារសៀល​ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០១៧។

សម្រាប់ជំហររបស់មហាយក្សចិនវិញ ដែលត្រូវបានគេស្គាល់ថា ជាប្រទេសបំពុលពិភពលោកខ្លាំងបំផុត ដូចអាមេរិក​ដែរនោះ​បានអះអាងថា នឹងរួមសហការគ្នាជាមួយសហភាពអឺរ៉ុប ដើម្បីអនុវត្តន៍ទៅតាមអ្វីដែលមានចែង​ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការទប់ស្កាត់បម្រែបម្រួល​អាកាសធាតុភពផែនដី។

ងាកមកកាន់រដ្ឋាភិបាលជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់អាមេរិកនោះ បានសម្ដែងការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការសម្រេចចិត្ត​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ យកសហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ ស្ដីពីបម្រែបម្រួល​អាកាសធាតុ​ទីក្រុងប៉ារីស។ ប៉ុន្តែទន្ទឹមនឹង​ការសោកស្ដាយ ទីក្រុងតូក្យូបានប្ដេជ្ញាចិត្តថា នឹងបន្តធ្វើកិច្ចសហការ​ជាមួយបណ្ដាប្រទេសដទៃ ក្នុងការប្រយុទ្ធប្រឆាំង​នឹងបម្រែបម្រួល​អាកាសធាតុ។

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​ក្នុងទីក្រុងតូក្យូ លោក Fumio Kishida បានលើកឡើងយ៉ាងដូច្នេះថា « ខណៈ​ជប៉ុនសង្ឃឹមថា អាចនឹងធ្វើការជាមួយ​សហរដ្ឋអាមេរិក នៅក្នុងក្របខណ្ឌ​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ក៏ដោយ តែការសម្រេចចិត្ត​ដកខ្លួនចេញពី​កិច្ចព្រមព្រៀងនេះ របស់ទីក្រុងវ៉ាស៊ីនតោន​ គឺជារឿងមួយគួរឱ្យសោកស្ដាយ... តែទោះជាយ៉ាងក្ដី ជប៉ុននឹងបន្តធ្វើការ​ជាមួយភាគីដទៃទៀត​សំដៅអនុវត្តន៍ ឱ្យបានពេញលេញ​នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយ​បញ្ហាបម្រែបម្រួល​អាកាសធាតុ»

ចំពោះការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ មិនមែនជារឿង​គួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ត្បិតលោកធ្លាប់​បានអះអាងជា​ច្រើនដង​ តំាងពីអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោតមកម្លេះថា នឹងដកសហរដ្ឋអាមេរិក​ ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្រាប់ លោក ត្រាំ ដែលជាមេដឹកនាំ​ប្រទេសបំពុល​ពិភពលោក​ខ្លាំងជាងគេ កិច្ចព្រមព្រៀងនេះ​គឺបង្កផលប៉ះពាល់​ដល់សេដ្ឋកិច្ច និងការងារនៅក្នុង​សហរដ្ឋអាមេរិក ព្រមទាំងធ្វើឱ្យ​ទន់ខ្សោយអធិបតេយ្យភាព​អាមេរិក ក៏ដូចជាអនុញ្ញាត​ឱ្យប្រទេសដទៃ​ នៅលើពិភពលោកទាញ​យកផលប្រយោជន៍ ជាអចិន្ត្រៃយ៍ពី​សហរដ្ឋអាមេរិក។

ដោយឡែក​ឆ្លើយតបទៅនឹង​ការសម្រេចចិត្ត​នេះដែរ លោក ម៉ាក្រុង ប្រធានាធិបតីថ្មីរបស់បារាំង ដែលប្រទេស​ទទួលឲ្យបង្កើតកិច្ចព្រមព្រៀង ដ៏មានសារៈប្រយោជន៍ខ្ពស់​ដល់ភពផែនដីនេះ បានលើកឡើង​យ៉ាងដូច្នេះថា «លោក ត្រាំ បានប្រព្រឹត្តកំហុស​ធ្វើឱ្យប៉ះពាល់ដល់​ផលប្រយោជន៍ នៃប្រទេស​របស់គាត់ ប្រជាជនរបស់គាត់ ហើយកំហុសនេះ​ទៀតសោត គឺសម្រាប់អនាគតផែនដី​របស់យើង​ទំាងមូល...ខ្ញុំសូមប្រាប់អ្នក (លោក ត្រាំ) ឱ្យច្បាស់​នៅយប់នេះថា យើងនឹងមិនចរចា​កិច្ចព្រមព្រៀងនេះ​ឡើងវិញនោះទេ វាគ្មានផ្លូវឡើយ»

ជុំវិញការដកខ្លួនពី​កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រទេសបំពុលពិភពលោកធំជាងគេ បានអះអាងថា នឹងចរចាកិច្ចព្រមព្រៀងនេះ​ឡើងវិញ ប៉ុន្តែទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំង​នៅតែប្រកាន់គោលជំហរ​ដូចគ្នា នោះគឺថាកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស គ្មានផ្លូវចរចាឡើងវិញ​នោះទេ ហើយមិនតែ​ប៉ុណ្ណោះ ប្រធានាធិបតីបារាំង​ក៏បានសន្យាដែរថា លោកនឹងធ្វើ​ឱ្យពិភពលោក​អស្ចារ្យជាថ្មីម្ដងទៀត៕